(ឌូបៃ)៖ មេដឹកនាំកំពូលរបស់អ៉ីរ៉ង់ លោក អាយ៉ាតុលឡោះ អាលីខាមីណៃ (Ayatollah Ali Khamenei) នៅថ្ងៃអង្គារសប្តាហ៍នេះ បានអំពាវនាវឲ្យមានការធ្វើបដិវត្តន៍កសាងឡើងវិញនូវប្រព័ន្ធវប្បធម៌របស់ប្រទេស ខណៈការតវ៉ាទូទាំងប្រទេសបានបន្តដាក់សម្ពាធលើ របបដឹកនាំទីក្រុងតេហេរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

ក្នុងពេលប្រជុំជាមួយក្រុមប្រឹក្សាវប្បធម៌រដ្ឋ លោក ខាមីណៃ បានគូសបញ្ជាក់ថា «វាចាំបាច់ណាស់ក្នុងការធ្វើបដិវត្តន៍រចនាសម្ព័ន្ធវប្បធម៌ របស់ប្រទេស។ ក្រុមប្រឹក្សាគួរតែសង្កេតមើលចំណុចខ្សោយខាងវប្បធម៌ក្នុងវិស័យផ្សេងៗ»។

គួរបញ្ជាក់ថា ប្រទេសអ៉ីរ៉ង់កំពុងរង្គោះរង្គើរដោយសារតែភាពចលាចល ចាប់តាំងពីការស្លាប់របស់ស្ត្រីជនជាតិឃឺដ នាង ម៉ាសា អាមីនី (Mahsa Amini) ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិស កាលពីថ្ងៃទី១៦ ខែកញ្ញា ហើយនេះជាបាតុកម្មទ្រង់ទ្រាយធំដែលបានបង្កបញ្ហាប្រឈម ខ្លាំងបំផុតដល់អ៉ីរ៉ង់ ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩មក៕