(វ៉ាស៉ីនតោន)៖ ចៅក្រមសហព័ន្ធក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្តាហ៍នេះ បានច្រានចោលពាក្យបណ្តឹងរបស់គូដណ្ដឹងអតីតអ្នកកាសែត អារ៉ាប៊ីសាអូឌីត លោក ចាម៉ាល់ ខាសូកហ្គី (Jamal Khashoggi) ប្រឆាំងនឹងរជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន (Mohammed bin Salman) ដោយលើកឡើងពីការផ្តល់អភ័យឯកសិទ្ធិរបស់ប្រធានាធិបតី លោក ចូ បៃដិន ដល់ព្រះអង្គម្ចាស់។ នេះបើយោង តាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២។

ចៅក្រមលោក ថន បាតេស (John Bates) បានលើកឡើងថាខ្លួនមានការស្ទាក់ស្ទើរក្នុងការច្រានចោលពាក្យបណ្តឹងនេះដែរ ប៉ុន្តែមិនមាន ជម្រើសនោះទេ ព្រោះវាជាការសម្រេចចិត្តរបស់រដ្ឋបាល លោក បៃដិន។ នៅក្នុងសេចក្តីសម្រេចមានកម្រាស់ ២៥ទំព័រ លោក បាតេស បានបន្ថែមទៀតថា រដ្ឋបាលលោក បៃដិន បានជូនដំណឹងដល់តុលាការថាព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន មានមានអភ័យឯកសិទ្ធិ ក្រោយទ្រង់ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា លោក ចាម៉ាល់ ខាសូកហ្គី ត្រូវបានគេសម្លាប់ កាលពីខែតុលា ឆ្នាំ២០១៨ នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី ហើយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកខ្លួនឯងធ្លាប់ប្រាប់សភាអាមេរិកជឿថាអំពើឃាតកម្មនេះធ្វើឡើងដោយមានបញ្ជាពី ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន។ ប៉ុន្តែខាងទីក្រុងរីយ៉ាដ បានច្រានចោលរាល់ការចោទប្រកាន់ប្រឆាំងនឹងព្រះអង្គ៕