(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយថាសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ «តាក់ទិក» ដូចគ្នាទៅតាក់ទិករបស់អតីត អធិរាជបារាំងណាប៉ូឡេអុង និងមេដឹកនាំផ្ដាច់ការណាហ្ស៉ីអាល្លឺម៉ង់ ហ៊ីត្លែរ ដើម្បីគ្រប់គ្រងអឺរ៉ុប ក្នុងចេតនាបំផ្លាញប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។

លោក ឡាវរ៉ូ ធ្វើការសម្គាល់បែបនេះនៅឯសន្និសីទសារព័ត៌មានប្រចាំឆ្នាំរបស់លោក ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ ប្រមុខការទូតរុស្ស៉ី រូបនេះបានសង្កត់ធ្ងន់ដូច្នេះថា «ដោយប្រើអ៊ុយក្រែនជាកូនអុក ពួកគេបាន និងកំពុងបង្កសង្រ្គាមប្រឆាំងនឹងប្រទេសរបស់យើង ដោយប្រើប្រាស់តាក់ទិកដែលហ៊ីត្លែរ ធ្លាប់ បានប្រើឆាំងនឹងជនជាតិជ្វីហ្វ...ហើយពួកគេថែមទាំងបានបញ្ជាក់ច្បាស់ៗទៀតផងថារុស្ស៉ីត្រូវតែចាញ់នៅក្នុងសមរភូមិជាដាច់ខាត»

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ឡាវរ៉ូវ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សេតវិមាន ដោយអ្នកនាំពាក្យ លោក John Kirby បាននិយាយថាវាមិនសម ទាល់តែសោះដែលលោកប្រមុខការទូតរុស្ស៉ី យកសំណុំរឿង «Holocaust» មកប្រៀបធៀប ខណៈរុស្ស៉ីខ្លួនឯងជាអ្នកផ្ដើមការឈ្លានពានលើអ៊ុយក្រែន។ Holocaust គឺចង់សំដៅទៅលើព្រឹត្តិការណ៍នៃការប្រល័យពូជសាសន៍ជនជាតិជ្វីហ្វ ដោយរបបដឹកនាំណាហ្ស៉ីហ៊ីត្លែរ អំឡុងសង្រ្គាមលោកលើកទី២។ លោក ឡាវរ៉ូវ ក៏ធ្លាប់រងការរិះគន់ យ៉ាងខ្លាំងពីអ៉ីស្រាអែលផងដែរ កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅ បន្ទាប់ពីលើកឡើងថាហ៊ីត្លែរ មានឈាមជ័រជាជនជាតិជ្វីហ្វ៕