(សេអ៊ូល)៖ ក្រសួងការពារជាតិអាមេរិក បានស្នើសុំឱ្យកងកម្លាំងរបស់ខ្លួនដែលកំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ផ្ដល់បរិក្ខារយោធាដើម្បីជួយអ៊ុយក្រែនប្រយុទ្ធតតាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ជាមួយការអះអាងថានឹងមិនមានអ្វីប៉ះពាល់ដល់ប្រតិបត្តិការយោធាអាមេរិក នៅក្នុងប្រទេសអាស៊ីមួយនេះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ កងកម្លាំងអាមេរិក USFK ដែលមានកងទ័ព ២៨,៥០០នាក់ឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង បាននិយាយថាការស្នើសុំពីក្រសួងការពារជាតិអាមេរិក គឺជាផ្នែកមួយនៃកិច្ចខិតប្រឹងប្រែងរបស់រដ្ឋបាលលោក ចូ បៃដិ​ន ដើម្បីជួយអ៊ុយក្រែននៅក្នុងសង្រ្គាមសព្វថ្ងៃ។ តាមរយៈសេចក្ដីថ្លែងការណ៍ដដែល អ្នកនាំពាក្យកងកម្លាំង USFK បានគូសបញ្ជាក់ដូច្នេះថា «វានឹងមិនមានផលប៉ះពាល់អ្វីឡើយដល់ប្រតិបត្តិការ និងសមត្ថភាពរបស់យើង ក្នុងការអនុវត្ត ក៏ដូចជារក្សាឱ្យបាននូវការប្ដេជ្ញាចិត្តដើម្បីការពារសម្ព័ន្ធមិត្តរបស់យើងដូចជាកូរ៉េខាងត្បូង»។ ប៉ុន្តែ USFK មិនបាន ផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេពីប្រភេទ និងទំហំបរិក្ខារយោធាស្ថិតនៅក្រោមការស្នើសុំ ឬក៏ថាតើមានបរិក្ខារដែលត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែនរួចរាល់ហើយ ដែរ ឬក៏យ៉ាងណានោះទេ។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់កងកម្លាំង USFK កើតមានឡើង បន្ទាប់ពីកាសែតអាមេរិក New York times កាលពីដើមសប្ដាហ៍កន្លងទៅនេះបានរាយការណ៍ថាសហរដ្ឋអាមេរិក មានផែនការបញ្ជូន គ្រាប់រំសេវចេញពីប្រទេសអ៉ីស្រាអែល និងកូរ៉េខាងត្បូង ទៅឱ្យអ៊ុយក្រែន។ គោលនយោបាយរបស់កូរ៉េខាងត្បូង គឺមិនបញ្ជូនអាវុធដែលសម្លាប់មនុស្សទៅឱ្យអ៊ុយក្រែនទេ ពីព្រោះទីក្រុងសេអ៊ូលមិនចង់ធ្វើឱ្យ រុស្ស៉ីខឹងសម្បារ ក្រោមហេតុផលសេដ្ឋកិច្ច និងដោយសារតែឥទ្ធិពលរបស់ទីក្រុងមូស្គូលើកូរ៉េខាងជើង៕