(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក វីលៀម បឺន (William Burns) កាលពីពេលថ្មីៗនេះបានបំពេញដំណើរទស្សនកិច្ចជាសម្ងាត់ ទៅកាន់ ប្រទេសអ៊ុយក្រែន ដើម្បីជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ឡូឌីមៀ ហ្សេលេនស្គី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីនេះ ដដែលបានបញ្ជាក់ដូច្នេះថា «លោកនាយក បឺន បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ជាទីដែលលោកបានជួបជាមួយសមភាគីអ៊ុយក្រែន រួមទាំងលោកប្រធានាធិបតី ហ្សេលេនស្គី» ហើយលោកក៏បានអះអាងឡើងវិញពីការប្ដេជ្ញាចិត្តគាំទ្ររបស់ពួកគេ សម្រាប់អ៊ុយក្រែនផងដែរ និងកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៉ី»។​

គួរបញ្ជាក់ថា មន្ត្រីខាងលើ មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោក បឺន នោះទេ។ ប៉ុន្តែសារព័ត៌មាន Washington Post ដែលបានរាយការណ៍ពីដំណើរទស្សនកិច្ចរបស់លោក បឺន មុនគេ បានឱ្យដឹងថាទស្សនកិច្ចនេះកើតមានឡើងកាលពីចុងសប្ដាហ៍មុន៕