(កាប៊ុល)៖ អាជ្ញាធរបាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា យ៉ាងហោចណាស់មនុស្សចំនួន ៧៨នាក់ បានស្លាប់ដោយសារជំងឺផ្តាសាយក្នុងប្រទេសអាហ្វហ្កានីស្ថាន កំលុងរដូវរងាដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេល១ទស្សវត្សរ៍កន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

ក្រុមមន្ត្រីបាននិយាយថា ការស្លាប់ដោយសារជំងឺផ្តាសាយត្រូវបានកត់ត្រានៅក្នុងតំបន់ចំនួន៣៤ នៃខេត្តចំនួន៨របស់អាហ្វហ្កានីស្ថាន។ សីតុណ្ហភាពបានធ្លាក់ចុះដល់ -៣៤អង្សា នៅក្នុងរដូវរងាដ៏ត្រជាក់បំផុតគិតក្នុងរយៈពេល១៥ឆ្នាំ ធ្វើឲ្យអាហ្វហ្គានីស្ថានស្ថិតនៅលើមាត់ជ្រោះនៃវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

លោក អាប់ឌុលឡា អាម៉ាឌី (Abdullah Ahmadi) ប្រធានមជ្ឈមណ្ឌលប្រតិបត្តិការសម្រាប់ស្ថានភាពអាសន្ន នៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្កានីស្ថាន បាននិយាយថា អាកាសធាតុនឹងកាន់តែត្រជាក់ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខទៀត ដូច្នេះយើងចាំបាច់ត្រូវពិចារណាអំពីជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលរងផលប៉ះពាល់។ រីឯ សត្វពាហនៈប្រហែល ៧៧,០០០ក្បាលក៏បានងាប់ផងដែរ ក្នុងរយៈពេល៩ថ្ងៃកន្លងមកនេះ ដែលកាន់តែគំរាមកំហែងយ៉ាងខ្លាំងដល់វិស័យសន្តិសុខស្បៀង។

គួរបញ្ជាក់ថា ក្រុមជំនួយមនុស្សធម៌ជាច្រើនបានផ្អាកប្រតិបត្តិការមួយផ្នែកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសាររដ្ឋាភិបាលដឹកនាំដោយក្រុមតាលីបង់មិនអនុញ្ញាតឲ្យ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលជាស្ត្រីភាគច្រើនធ្វើការ ជាហេតុធ្វើឲ្យភ្នាក់ងារមិនអាចដំណើរការកម្មវិធីជាច្រើននៅក្នុងប្រទេសបាន។ អង្គការសហប្រជាជាតិបានឲ្យដឹងថា ការធ្លាក់ចុះផ្នែកជីវភាពនិងទ្រព្យសម្បត្តិ កាន់តែបង្កគ្រោះថ្នាក់ដល់ប្រជាជនអាហ្វហ្គានីស្ថានថែមទៀត ចំពេលដែលមនុស្ស ២១.២លាននាក់ត្រូវការអាហារជាបន្ទាន់និងជំនួយផ្នែកកសិកម្ម ស្រាប់ទៅហើយនោះ៕