(សេអ៊ូល)៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក ហាន ដុកស៊ូ (Han Duck-soo) បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូងនឹងដកវិធានការតម្រូវឲ្យពាក់ម៉ាស់ នៅខាងក្នុងទីសាធារណៈភាគច្រើនចាប់ពីនៅចុងខែមករានេះតទៅ ខណៈវិធានការនេះនៅតែតម្រូវសម្រាប់វិស័យដឹកជញ្ជូន និងនៅក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០២៣។

ការដកចេញនូវវិធានការពាក់ម៉ាស់ខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃទី៣០ ខែមករា ដែលជាជំហានចុងក្រោយបង្អស់របស់កូរ៉េខាងត្បូង ក្នុងការបន្ធូរបន្ថយច្បាប់កូវីដ១៩ ខណៈករណីឆ្លងមានការថយចុះ។ ក្នុងកិច្ចប្រជុំដើម្បីឆ្លើយតបនឹងជំងឺកូវីដ១៩ លោក ហាន បានគូសបញ្ជាក់ថា «ចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃកំពុងបន្តធ្លាក់ចុះ ហើយទោះបីជាមានការព្រួយបារម្ភអំពីការកើនឡើងនៃករណីនៅក្នុងប្រទេសចិនក៏ដោយ ស្ថានភាពនៅទីនេះស្ថិតនៅក្រោមការគ្រប់គ្រងបានដោយគ្មានបញ្ហាធំឡើយ»។

យ៉ាងនេះក្តី លោក ហាន បានព្រមានថា ការបន្ធូរបន្ថយតម្រូវការពាក់ម៉ាស់ គួបផ្សំនឹងថ្ងៃឈប់សម្រាកនាពេលខាងមុខ អាចបណ្តាលឲ្យមានការកើនឡើងជាបណ្តោះអាសន្ននូវករណីថ្មី ដូច្នេះជំរុញឲ្យអាជ្ញាធរសុខាភិបាលរក្សាការប្រុងប្រយ័ត្ន ជាពិសេសសម្រាប់អ្នកដែលងាយនឹងឆ្លងមេរោគ។

គួរបញ្ជាក់ថា ការប្រកាសនៅថ្ងៃសុក្រនេះ គឺជាវិធានការចុងក្រោយគិតក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០២០ ហើយក៏ចំពេលថ្ងៃឈប់សម្រាកពិធីបុណ្យចូលឆ្នាំចិន ដែលប្រជាជនភាគច្រើនត្រឡប់មកកាន់ស្រុកកំណើតវិញ៕