(កៀវ)៖ អនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានលាលែងពីតំណែងរបស់ខ្លួននៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសន្យាថា នឹងចាប់ផ្តើមរុះរើមន្ត្រី ចំពេលមានរឿងអាស្រូវពុករលួយកម្រិតខ្ពស់ ក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា​ ឆ្នាំ២០២៣។

នៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន លោក Kyrylo Tymoshenko បានបង្ហាញពីក្រឹត្យមួយដែលមាការចុះហត្ថលេខាដោយ លោក Zelenskyy និងលោកខ្លួនឯងផ្ទាល់បានបញ្ជាក់ថា គាត់បានស្នើសុំលាលែងពីតំណែង ប៉ុន្តែមិន​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​លាលែង​នេះ​ទេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អនុរដ្ឋមន្ត្រីការពារជាតិ លោក Viacheslav Shapovalov ក៏បានលាលែងពីតំណែងផងដែរ។ ការចាកចេញរបស់គាត់ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងរឿងអាស្រូវពាក់ព័ន្ធនឹងការទិញ គ្រឿងឧបភោគបរិភោគសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ​ចំណែកឯ អគ្គព្រះរាជអាជ្ញារង លោក Oleksiy Simonenko ក៏បានលាលែងពីតំណែងផងដែរ។

ក្នុងពេលជាមួយគ្នានេះ លេខាធិការខុទ្ទកាល័យរបស់ប្រទេស បានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ថា អនុរដ្ឋមន្ត្រីបួនរូប និងអភិបាលខេត្តចំនួនប្រាំនឹងត្រូវបណ្តេញចេញពីតំណែង។

គួរបញ្ជាក់ថា នៅពេលដែលសម្ព័ន្ធមិត្តលោកខាងលិច បានចាក់លុយរាប់ពាន់លានដុល្លារចូលមកប្រទេសអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវក្នុងការប្រយុទ្ធប្រឆាំងនឹងទីក្រុងមូស្គូ លោក Zelensky បានប្តេជ្ញាលុបបំបាត់អំពើពុករលួយ ខណៈដែលអ្នកសង្កេតការណ៍មួយចំនួនបានពិពណ៌នាថាជាជំងឺរាតត្បាតដ៏សាហាវ៕