(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃអង្គារនេះបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទណ្ឌកម្មថ្មី ដែលដាក់ដោយសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ហើយបានប្តេជ្ញាចាត់វិធានការសងសឹកវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់អ្នននាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ីរ៉ង់រក្សាសិទ្ធិក្នុងការចាត់វិធានការសងសឹកប្រឆាំងនឹង «គោលនយោបាយបរាជ័យ» ជាមួយនឹងការប្រកាសបញ្ជីទណ្ឌកម្មថ្មីប្រឆាំងនឹង «អ្នករំលោភសិទ្ធិមនុស្ស និងអ្នកគាំទ្រភេរវកម្ម» នៅសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។

សេចក្តីថ្លែងការណ៍ដដែលនេះ បានបន្ថែមទៀតថា ជំហានដែលធ្វើឡើងដោយសហភាពអឺរ៉ុប និងអង់គ្លេសបង្ហាញថា ពួកគេបរាជ័យក្នុងការទទួលបានការយល់ដឹងត្រឹមត្រូវអំពីការពិតរបស់អ៊ីរ៉ង់។ ហើយវាជាសញ្ញានៃភាពអស់សង្ឃឹម ការខកចិត្ត និងការចងកំហឹងរបស់ក្រុមប្រទេសលោកខាងលិចមកលើខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មថ្មីលើមន្ត្រី និងអង្គភាពរបស់អ៊ីរ៉ង់ជាង ៣០ ក្នុងនោះរួមទាំងអង្គភាពនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ផងដែរ សម្រាប់ការឆ្លើយតបទៅលើការបង្រាបលើក្រុមបាតុកររតវ៉ានាពេលថ្មីៗនេះនៅក្នុងប្រទេស។ អង់គ្លេស​និង​អាមេរិក​ក៏បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ក្នុង​ថ្ងៃ​តែមួយផងដែរ៕