(បែរឡាំង)៖ ទីបំផុតរដ្ឋាភិបាលទីក្រុងបែរឡាំង នាថ្ងៃពុធនេះ បានប្រកាសជាផ្លូវការហើយថា អាល្លឺម៉ង់នឹងផ្គត់ផ្គង់រថក្រោះ Leopard 2 របស់ខ្លួនឱ្យទៅអ៊ុយក្រែន ក្រោយរងសម្ពាធពីសម្ព័ន្ធមិត្តឱ្យធ្វើយ៉ាងដូច្នោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា គោលដៅចម្បងគឺឆ្ពោះទៅបង្កើតរថក្រោះ Leopard 2 ចំនួន២ក្រុមសម្រាប់​អ៊ុយក្រែន ដោយនៅជំហានដំបូងទីក្រុងបែរឡាំង នឹងផ្តល់រថក្រោះនេះចំនួន១៤គ្រឿង ពីក្នុងឃ្លាំងរបស់យោធាខ្លួនផ្ទាល់។ រីឯការហ្វឹកហាត់ដល់កងទ័ពអ៊ុយក្រែន ស្តីពីការប្រើប្រាស់រថក្រោះ Leopard នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។ មិនតែប៉ុណ្ណោះ អាល្លឺម៉ង់​ក៏នឹងផ្តល់ការអនុញ្ញាតដល់ បណ្តាប្រទេសជាដៃគូ ដែលមានបំណងចង់បញ្ជូនរថក្រោះ Leopard 2 របស់ពួកគេឱ្យអ៊ុយក្រែនផងដែរ។

គួរបញ្ជាក់ថា អស់រយៈពេលប៉ុន្មានសប្តាហ៍មកហើយ ក្រុមលោកខាងលិចបានដាក់សម្ពាធលើ រដ្ឋាភិបាលរបស់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ឱ្យបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ដល់អ៊ុយក្រែន ហើយអនុញ្ញាតឱ្យសម្ព័ន្ធមិត្តដទៃទៀតធ្វើយ៉ាងដូច្នោះដែរ ដើម្បីជួយទីក្រុងកៀវកែប្រែ ស្ថានភាពសង្រ្គាមជាមួយកងកម្លាំងរុស្ស៉ី។ កន្លងមក ទីក្រុងបែរឡាំងបានស្ទាក់ស្ទើរ ដោយសារបារម្ភថា វាអាចនឹងជំរុញឱ្យរុស្ស៉ីបង្កើនកម្តៅនៃសង្រ្គាម ឬមួយអូសទាញអង្គការណាតូ (NATO) កាន់តែខ្លាំងឱ្យក្លាយជាភាគីក្នុងជម្លោះផ្ទាល់៕