(ហុងកុង)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ចិន បានឲ្យដឹងនៅថ្ងៃពុធនេះថា ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ប្រចាំថ្ងៃរបស់ប្រទេសចិន បានឈានដល់កម្រិតកំពូលមួយ នៅថ្ងៃទី២២ ខែធ្នូ ដោយមានអ្នកឆ្លងរហូតដល់ជាង ៧លាននាក់ក្នុងមួយថ្ងៃ ខណៈដែលអ្នកស្លាប់បានឈានដល់កម្រិតកំពូលមួយផងដែរ នៅថ្ងៃទី០៤ ខែមករា ដែលមានអ្នកស្លាប់ប្រចាំថ្ងៃជាង ៤,០០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣។

របាយការណ៍របស់មជ្ឈមណ្ឌលខាងលើបានឲ្យដឹងថា «នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ចំនួនករណីឆ្លងជំងឺ និងចំនួនករណីអ្នកជំងឺគ្រុនក្តៅមកពិគ្រោះជំងឺ បានឈានដល់កម្រិតកំពូល ដោយករណីឆ្លងថ្មីមានលើស​ ០៧លានករណី ខណៈចំនួនអ្នកមកពិគ្រោះជំងឺគ្រុនក្តៅមានរហូតដល់ ២.៨៦៧នាក់»

តួលេខខាងលើ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង បានធ្វើឡើងបន្ទាប់ពីអ្នកវិទ្យាសាស្ត្ររដ្ឋាភិបាលដ៏លេចធ្លោម្នាក់ បាននិយាយកាលពីចុងសប្តាហ៍កន្លងទៅនេះថា ៨០ភាគរយ នៃចំនួនប្រជាជន ១.៤ពាន់លាននាក់របស់ប្រទេសចិន បានឆ្លងជំងឺកូវីដ១៩ រួចហើយ ដែលធ្វើឱ្យលទ្ធភាពនៃការរីករាលដាល នៃជំងឺនេះដ៏ធំមួយ ក្នុងរយៈពេលពីរឬបីខែខាងមុខទៀត។

គួរបញ្ជាក់ថា បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែមករាកន្លងទៅ មានមនុស្សជិត ៦០,០០០នាក់បានស្លាប់ដោយសារកូវីដ១៩។ ការប្រកាសនេះធ្វើឡើងជិតមួយខែបន្ទាប់ពីប្រទេសចិនបានរុះរើគោលនយោបាយប្រឆាំងជំងឺកូវីដដ៏តឹងរ៉ឹងរបស់ខ្លួន ដែលហៅថា «សូន្យកូវីដ»។​

ប៉ុន្តែអ្នកជំនាញមួយចំនួនបាននិយាយថា ចំនួនពិតប្រាកដគឺអាចមានចំនួនច្រើនជាងនេះឆ្ងាយ​ ដ្បិតថា អ្នកដែលស្លាប់នៅផ្ទះគឺមិនត្រូវបានគេរាប់បញ្ចូលនោះទេ៕