(កៀវ)៖ នៅវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីបានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីទៀត មកលើប្រទេសអ៊ុយក្រែន ដោយបាន​ផ្តាច់ជីវិតមនុស្ស យ៉ាងហោចម្នាក់នៅរដ្ឋធានីកៀវ ខណៈវាកើតឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនធានាបាន នូវការសន្យាផ្តល់រថក្រោះ​ពីសម្ព័ន្ធមិត្តលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

យោធាអ៊ុយក្រែនបានអះអាងថា រុស្ស៉ីបានបាញ់មីស៉ីលប្រហែលជាង៣០គ្រាប់ ក្នុងនោះជាង១៥គ្រាប់ ដែលបាញ់សំដៅមកកាន់​ទីក្រុងកៀវ ត្រូវបានបាញ់ទម្លាក់ ខណៈស៉ីរ៉ែនប្រកាសអាសន្នពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងទូទាំងប្រទេស។ បើតាមអភិបាលក្រុងកៀវ មនុស្សម្នាក់បានស្លាប់ និង២នាក់រងរបួស នៅពេលមីស៉ីល១គ្រាប់ ធ្លាក់ចំអគារមួយកន្លែងនៅខាងត្បូង​ទីក្រុង។ រីឯកាលពីវេលាយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីក៏បានបញ្ជូនយន្តហោះដ្រូនចំនួន២៤គ្រឿងផងដែរ ប៉ុន្តែពួកវាត្រូវបានបាញ់​ទម្លាក់ទាំងអស់ដោយកម្លាំងអ៊ុយក្រែន។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើរបស់រុស្ស៉ីកើតមានឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសផ្តល់រថក្រោះប្រយុទ្ធរបស់ខ្លួនគឺ Abrams ចំនួនជាង៣០គ្រឿងឱ្យអ៊ុយក្រែន កាលពីថ្ងៃពុធ។ ក្នុងថ្ងៃដដែលនោះ អាល្លឺម៉ង់ក៏បានប្រកាសយល់ព្រមផ្តល់រថក្រោះ Leopard ដល់ទីក្រុងកៀវផងដែរ ហើយថែមទាំងបានអនុញ្ញាតឱ្យ បណ្តាប្រទេសអឺរ៉ុបដទៃទៀតធ្វើដូចគ្នា ដ្បិតរថក្រោះនេះគឺជា​ផលិតផលរបស់ក្រុមហ៊ុនអាល្លឺម៉ង់៕