(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៉ី ជិនពីង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ទំនាក់ទំនងជាមួយអូស្រ្តាលីកំពុងឆ្ពោះទៅរក​ទិសដៅដែលត្រឹមត្រូវ ខណៈវាគឺជាសញ្ញាវិជ្ជមានចុងក្រោយថ្មីមួយទៀត នៃភាពប្រសើរឡើងនូវទំនាក់ទំនងរវាងដៃគូពាណិជ្ជកម្មដ៏​ធំទាំងពីរនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។

លោកប្រធានាធិបតីចិន បានលើកឡើងដូចខាងលើ ក្នុងសារអបអរសាទរមួយ សម្រាប់ឱកាសទិវាអូស្រ្តាលី ផ្ញើទៅកាន់អគ្គទេសា​ភិបាលអូស្រ្តាលី លោក ដេវីដ ហឺលី (David Hurley)។ លោក ស៉ី ជិនពីង បាននិយាយថា អូស្រ្តាលីនិងចិនបានក្រឡេកទៅមើល​អតីតកាល និងសម្លឹងឆ្ពោះទៅអនាគត ហើយកំពុងប្រឹងប្រែងយ៉ាងសកម្ម ដើម្បីសំដៅទៅរកទិសដៅត្រឹមត្រូវ នៃការធ្វើឱ្យប្រសើរ​ឡើងនិងការពង្រីកបន្ថែមទៀត នូវចំណងទាក់ទងចិន-អូស្រ្តាលី។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានស្ថិតក្នុងភាពតានតឹងអស់រយៈពេលប្រហែលជា៣ឆ្នាំ ដោយសារបញ្ហាជាច្រើន រួមមានទាំងវិស័យពាណិជ្ជកម្ម ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ សញ្ញាមួយចំនួនបានចាប់ផ្តើមលេចឡើងថា ចំណងទាក់ទងហាក់កំពុងមាន​ភាពប្រសើរឡើងវិញជាបណ្តើរៗហើយ។

លោក ស៉ី បានជួបជាមួយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស នៅក្រៅ​កិច្ចប្រជុំកំពូល G20 ក្នុងប្រទេសឥណ្ឌូណេស៉ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ខណៈប្រមុខការទូតរបស់ភាគីទាំងពីរក៏បានជួបគ្នាផងដែរ កាលពីខែមុន កំលុងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី ផេននី វ៉ុង នៅទីក្រុងប៉េកាំង ខណៈវាគឺជាដំណើរទស្សនកិច្ចលើក​ដំបូងរបស់រដ្ឋមន្រ្តីអូស្រ្តាលី មកកាន់ប្រទេសចិន៕