(ហ្សេរុយសាឡឹម)៖​ អ៉ីស្រាអែល នៅព្រឹកថ្ងៃសុក្រនេះ បានបើកការវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានបាញ់គ្រាប់រ៉ុក្កែតចំនួន ២គ្រាប់ តម្រង់មកកាន់ទឹកដីភាគខាងត្បូងរបស់ខ្លួន តែត្រូវបានស្ទាក់ចាប់បំផ្លាញដោយប្រព័ន្ធខែលប្រឆាំងមីស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

បើតាមទូរទស្សន៍អ៉ីស្រាអែល Channel 12 បានចេញផ្សាយរូបភាពដែលប្រព័ន្ធខែលប្រឆាំងមីស៊ីលអ៉ីស្រាអែល បាញ់ស្ទាក់បំផ្លាញគ្រាប់រ៉ុក្កែតនៅពីលើដែនអាកាសនៃទីក្រុង អាសកែលឡុន (Ashkelon) ស្ថិតនៅចម្ងាយប្រហែល១២គីឡូម៉ែត្រពីភាគខាងជើងតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់។ ប៉ុន្មានម៉ោងក្រោយមក យោធាអ៉ីស្រាអែលបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសក្នុងតំបន់ហ្កាហ្សា ដោយអ្នកឃើញហេតុការណ៍ដោយផ្ទាល់បានអះអាងថាយន្ដហោះចម្បាំងអ៉ីសា្រអែលបានវាយប្រហារ លើជំរំហ្វឹកហាត់មួយរបស់ក្រុមហាម៉ាស់។ ប៉ុន្តែភ្លាមៗ ទាំងអ៉ីស្រាអែល និងប៉ាឡេស្ទីន មិនបានរាយការណ៍ពីអ្នករងរបួស ឬស្លាប់នៅឡើយទេ។

គួរបញ្ជាក់ថា ការបាញ់ប្រហារសងសឹកដាក់គ្នាខាងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ កើតមានឡើងបន្ទាប់ពីអ៉ីស្រាអែលបានដឹកនាំការវាយឆ្មក់មួយក្នុងតំបន់ West Bank កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយបណ្ដាលជនជាតិប៉ាឡេស្ទីន ១០នាក់បានស្លាប់៕