(វ៉ាស៊ីនតោន)៖ មេដឹកនាំសហរដ្ឋអាមេរិក បានប្រាប់លោកពូទីនត្រូវដកកម្លាំងទាហានរុស្ស៊ីចេញពីក្នុងទឹកដីអ៊ុយក្រែន ដែលនឹងជាមធ្យោបាយសម្រាប់ការបញ្ចប់សង្គ្រាម។ សម្តីព្រមាន របស់លោកប្រធានាធិបតី ចូ បៃដិន បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដែលពេលនោះលោកបានប្រកាសការផ្តល់រថក្រោះទំនើបបំផុត Abram M1 ចំនួន៣១គ្រឿង ដល់អ៊ុយក្រែនដែលត្រៀមរៀបចំការវាយប្រហារដ៏ធំមួយលើទាហានរុស្ស៊ីក្នុងរដូវផ្ការីកជិតមកដល់នេះ។

រុស្ស៊ីបានសម្តែងភាពក្តៅក្រហាយចំពោះការបញ្ជួនរថក្រោះទំនើបរបស់ប្រទេសលោកខាងលិចជួយដល់ប្រទេសអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ដែលមុននេះបានរារែក មិនទាន់បញ្ជួននោះ ក៏បានយល់ព្រមបញ្ជូនរថក្រោះប្រយុទ្ធរបស់ខ្លួនប្រភេទ Abram M1 និង Leopard 2 ទៅឱ្យអ៊ុយក្រែនថែមទៀត។ រុស្ស៊ីបានចាត់ទុកអំពើព្រួតគ្នាផ្តល់រថក្រោះ និងសម្ភារៈយោធាដល់អ៊ុយក្រែនសម្រាប់ត្រៀមយុទ្ធនាការរដូវផ្ការីកជិតមកដល់នោះ គឺជារឿងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃពុធ ទី២៥ ខែមករា បានប្រកាសបញ្ជូន រថក្រោះចម្បាំង Leopard2 ចំនួន១៤គ្រឿងដល់អ៊ុយក្រែន និងបានបើកសញ្ញាភ្លើងបៃតងដល់បណ្តាប្រទេសដទៃដែលមានរថក្រោះអាល្លឺម៉ង់ដូចគ្នានេះ អាចបញ្ជួនទៅឱ្យអ៊ុយក្រែន ផងទៀត។

ប្រទេសដទៃដែលមានរថក្រោះ Leopard2 និងចង់ផ្តល់ឱ្យអ៊ុយក្រែននោះ គឺរួមមានប្រទេសប៉ូឡូញ, អេស្ប៉ាញ, ហ្វាំងឡង់, ហូឡង់ និងប្រទេសន័រវែស។ រុស្ស៊ីបានហៅការសម្រេចចិត្ត របស់អាល្លឺម៉ង់លើការផ្តល់រថក្រោះចម្បាំងដែលខ្លួនផលិតនោះថា រដ្ឋាភិបាលក្រុងបែរឡាំង បានបោះបង់ចោលការទទួលខុសត្រូវជាប្រវត្តិសាស្ត្រចំពោះរុស្ស៊ី ដែលកើតឡើងពី ឧក្រិដ្ឋកម្មណាស៊ី ក្នុងសង្គ្រាមលោកលើកទី២នោះហើយ។

សហរដ្ឋអាមេរិកនៅជាមួយគ្នានេះ ក៏បានប្រកាសការបញ្ជូនរថក្រោះ Abram M1 ចំនួន ៣១គ្រឿង ទៅឱ្យអ៊ុយក្រែនថែមទៀត ដែលការប្រកាសនេះកាន់តែបង្កើនភាពក្តៅក្រហាយជា បន្ថែមដល់រុស្ស៊ី។ ប៉ុន្តែមេដឹកនាំសហរដ្ឋអាមេរិក មិនបានខ្វល់នឹងការខឹងសម្បារនោះទេ។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងថាសហរដ្ឋអាមេរិកបានធ្វើកិច្ចសហការជិត ស្និទ្ធជាមួយប្រទេសនៃក្រុមសម្ព័ន្ធ និងប្រទេសជាដៃគូនៅលើពិភពលោកដើម្បីរកការធានាថា ប្រជាជនអ៊ុយក្រែន នឹងមានគោលជំហររឹងមាំខ្លាំងបំផុតរបស់ខ្លួនដើម្បីការពារប្រជាជាតិខ្លួន ឯង, ការពារក្រុមគ្រួសាររបស់ខ្លួនប្រឆាំងនឹងអំពើឈ្លានពានកាចសាហាវរបស់រុស្ស៊ី។

លោក ចូ បៃដិន បានថ្លែងថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានសហការរួមគ្នាទាំងស្រុង និងផ្ទុយខុសពីអ្វីដែលមេដឹកនាំរុស្ស៊ីលោក ពូទីន ធ្លាប់បានគិតថាមានការបែកបាក់គ្នា។ លោក ចូ បៃដិន បញ្ជាក់ថានាព្រឹកថ្ងៃពុធ ទី២៥ ខែមករា លោកបានធ្វើកិច្ចសន្ទនាជាមួយក្រុមសម្ព័ន្ធមិត្តណាតូ, ដោយជជែកជាមួយអធិបការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្ហូល ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង, នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ដោយមេដឹកនាំប្រទេស ទាំងនោះសន្យាបន្តនិងធ្វើកិច្ចសហការសម្របសម្រួលដោយជិតស្និទ្ធ និងបញ្ជាក់លើការគាំទ្រអ៊ុយក្រែនទាំងស្រុង។

ជំនួបរវាងបណ្តាមេដឹកនាំគន្លឹះនៃប្រទេសរបស់អង្គការណាតូ បានធ្វើឡើងគ្រាដែលរុស្ស៊ីបាន និងកំពុងតែរៀបចំយុទ្ធសាស្ត្រថ្មីបន្តពីសង្គ្រាមក្នុងរដូវត្រជាក់ដោយសារយុទ្ធសាស្ត្រយករដូវ រងាបង្ខំឱ្យអ៊ុយក្រែនចុះញ៉មនោះ ត្រូវគេឃើញថានឹងមិនអាចទទួលជោគជ័យបានឡើយ។ មេដឹកនាំរុស្ស៊ីលោក ពូទីន បានដាក់បញ្ជាដល់មេបញ្ជាការថ្មីរុស្ស៊ីទទួលបន្ទុកសមរភូមិអ៊ុយក្រែន ដោយត្រូវដណ្តើម និងគ្រប់គ្រងឱ្យបានទាំងស្រុងតំបន់ដុនបាសដែលរួមមានទាំងខេត្ត ដូណេតស៍ និងខេត្តលូហានស៍ភាគខាងកើត។ ជាមួយនឹងការដាក់បទបញ្ជាថ្មីនេះ គឺនៅក្នុងខែមករា ឆ្នាំ២០២៣នេះ ទាហានឯកជនរុស្ស៊ីនៃក្រុម Wagner បានរុញច្រានទាហានអ៊ុយក្រែន ចេញពីក្រុងសូឡេដា និងបន្តការវាយរំកិលមកបណ្តាក្រុងដទៃទៀតនៃផ្នែករបស់ខេត្ត ដូណេតស៍ ដែលជាផ្នែកមួយនៃទឹកដីភាគខាងកើតអ៊ុយក្រែននិងដែលត្រូវបានរុស្ស៊ីដាក់កាន់ កាប់ជាតំបន់រណបតាមរយៈការធ្វើប្រជាមតិចុងខែកញ្ញាឆ្នាំ២០២២។ សង្គ្រាមបន្តពីរដូវត្រជាក់ នឹងត្រូវគេស្គាល់ថាជាសង្គ្រាមនិទាឃរដូវ ឬសង្គ្រាមក្នុងរដូវផ្ការីក។ លោកចូបៃដិនថ្លែងរំពឹង ជុំវិញនឹងមានសង្គ្រាមដ៏កាចសាហាវកើតឡើងក្នុងរដូវផ្ការីកខាងមុខនេះ។

លោក ចូ បៃដិន បន្តថា ក្នុងពេលដែលរដូវផ្ការីក បានឈានកាន់តែជិតមកដល់នេះ កងកម្លាំងអ៊ុយក្រែនក៏កំពុងតែធ្វើកិច្ចការពារទឹកដីដែលគេបាននិងកំពុងគ្រប់គ្រង និងថាអ៊ុយក្រែនក៏នឹង ត្រៀមរៀបចំការវាយលុកថ្មីមួយថែមទៀតដើម្បី រំដោះយកទឹកដីដែលរុស្ស៊ីចូលកាន់កាប់និង គ្រប់គ្រងនោះយកមកវិញ។ លោកបន្តថា អ៊ុយក្រែនត្រូវការរកលទ្ធភាពប្រឆាំងរុស្ស៊ីទាំងល្បិច កលប្រយុទ្ធនិងយុទ្ធសាស្ត្រនៅលើសមរភូមិនាពេលខាងមុខនេះ។ អ៊ុយក្រែនចាំបាច់ត្រូវកែលំអសមត្ថភាពដើម្បីការបើកកិច្ចវាយប្រហារនៅលើសមរភូមិ ហើយអ៊ុយក្រែនត្រូវការនូវលទ្ធ ភាពទ្រទ្រង់ដ៏ខ្លាំងពូកែក្នុងរយៈពេលវែងដើម្បីវាយប្រហារបណ្តេញរុស្ស៊ី ដែលឈ្លានពានទឹកដី។

ក្នុងសប្តាហ៍កន្លងមកនេះ, សហភាពអឺរ៉ុប, ប្រទេសជាដៃគូនិងប្រទេសជាសមាជិកនៃអង្គការណាតូ បានជួបប្រជុំគ្នាដើម្បីរកការជួយបំពាក់អាវុធកាន់តែទំនើងដល់ទាហានអ៊ុយក្រែន នៅ ក្នុងលទ្ធភាពអាចការពារខ្លួនផងនិងវាយបណ្តេញរុស្ស៊ីផងក្នុងសង្គ្រាមបន្ទាប់ពីរដូវត្រជាក់កន្លងផុត។ កិច្ចប្រជុំពេលនោះ មានការបង្ហាញភាពស្ទាក់ស្ទើរនិងរារែករបស់ប្រទេសអាល្លឺម៉ង់ និង សហរដ្ឋអាមេរិកដែលមិនចង់បញ្ជួនរថក្រោះទំនើបរបស់ខ្លួនឱ្យអ៊ុយក្រែន។ ប្រទេសអាល្លឺម៉ង់ និយាយមុននេះថាគេនឹងបញ្ជួនរថក្រោះ Leopard2 ឱ្យអ៊ុយក្រែនបើសិនជាសហរដ្ឋអាមេរិក នឹងបញ្ជួនរថក្រោះទំនើប Abram M1 ដល់អ៊ុយក្រែន។ ចំណែក រុស្ស៊ីក្នុងសប្តាហ៍មុននោះផងដែរ ខណៈដែលប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកកំពុងតែស្ថិតក្នុងសភាពស្ទាក់ស្ទើរនោះ បាននិយាយព្រមានថា បើអង្គការណាតូនឹងធ្វើឱ្យរុស្ស៊ីចាញ់សង្គ្រាមក្នុងអ៊ុយក្រែនសង្គ្រាមនុយក្លេអ៊ែរមួយនឹងអាចផ្ទុះឡើង។ ប៉ុន្តែការគំរាមរបស់វិមានក្រឹមឡាំងនោះ បែរជាជំរុញឱ្យ សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់ បានផ្លាស់ប្តូរចិត្តរបស់ខ្លួនវិញ។

លោក ចូ បៃដិនបានថ្លែងនៅថ្ងៃពុធទី២៥ ខែមករាថា «ថ្ងៃនេះខ្ញុំសូមប្រកាសថាសហរដ្ឋអាមេរិក នឹងបញ្ជួនរថក្រោះប្រយុទ្ធ Abram ចំនួន៣១គ្រឿងដែលស្មើនឹងមួយកងពលតូចរបស់ អ៊ុយក្រែន»។ លោកបន្តថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានស្នើនូវវិធានការ នេះពីព្រោះវានឹងជួយជំរុញសមត្ថភាពរបស់អ៊ុយក្រែន ដើម្បីការពារទឹកដីផង និងសម្រេច បានលើគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនថែមទៀត។ លោក ចូ បៃដិន បានថ្លែងថារថក្រោះ Abram គឺជារថក្រោះដែលសមត្ថភាពខ្ពស់បំផុតក្នុងពិភពលោកនេះ។ លោក ចូ បៃដិនបានថ្លែង ទៀតថាសហរដ្ឋអាមេរិកនឹងជួយបង្វឹកទាហានអ៊ុយក្រែនដើម្បីការចេះប្រើប្រាស់រថក្រោះដ៏ទំនើបនេះ។

លោក ចូ បៃដិន នៅបានថ្លែងអំណរគុណដល់មេដឹកនាំអាល្លឺម៉ង់ដែលបានផ្តល់រថក្រោះចម្បាំងទំនើបរបស់ខ្លួនគឺរថក្រោះ Leopard 2 ដែលការផ្តល់នេះលោកគិតថានឹងបានរួមចំណែកជា មួយនឹងប្រទេសដទៃនៅអឺរ៉ុបជួយបង្កើត២កងពលតូចរថក្រោះរបស់អ៊ុយក្រែនជាបន្ថែមទៀត។ ប្រទេសអាល្លឺម៉ង់ក្រៅពីជំនួយរថក្រោះប្រយុទ្ធ បានផ្តល់ជំនួយមុននេះនូវប្រព័ន្ធមីស៊ីល ការពារអាកាស Patriot ទៅឱ្យអ៊ុយក្រែនទៀតផង។ លោក ចូ បៃដិន បានថ្លែងចំអកប្រាប់ពូទីន ថាអ្វីដែលមេដឹកនាំរុស្ស៊ីលោកពូទីនគិតថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងមិនរួមគ្នា លើការជួយអ៊ុយក្រែននោះ គឺជាការគិតខុសស្រឡះ។

លោក ចូ បៃដិនថ្លែងថាការគិតរបស់លោកពូទីននោះ គឺខុសស្រឡះ និងកាន់តែខុសថែមទៀត តាំងពីដើមដំបូងដោយសារតែបន្តនូវអំពើឈ្លានពាន។ លោក ចូ បៃដិនបាននិយាយថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនៅតែរួបរួមគ្នាជាដដែលក៏ដូចជាជាមួយនឹងពិភពលោក។ មេដឹកនាំសេតវិមានបានថ្លែងរំលឹកនូវកិច្ចសហការរបស់ប្រទេស ក្នុងសហគមន៍អឺរ៉ុបដូចជា បារាំង និងអង់គ្លេសដែលបានប្រកាសការផ្តល់រថក្រោះចម្បាំងរបស់ខ្លួនទៅឱ្យអ៊ុយក្រែន, ប្រទេសហូឡង់បានជួយផ្តល់ប្រព័ន្ធមីស៊ីលការពារអាកាស Patriot, ចំណែកប្រទេសកាណាដា, ស្លូវ៉ាគី, ណ័រវ៉េនិងប្រទេសដទៃទៀតថែមទាំងបានជួយផ្តល់នូវប្រព័ន្ធបាញ់ការពារអាកាស ដើម្បីជួយថែលំហផ្ទៃអាកាសអ៊ុយក្រែនឱ្យមានសុវត្ថិភាពនិងជួយជីវិតដល់ពលរដ្ឋស៊ីវិលអ៊ុយ ក្រែន។

លោកបានបន្តថាប្រទេសប៉ូឡូញ ក៏បានសន្យាបញ្ជួនរថក្រោះ, ប្រទេសស៊ុយអែតបាន ផ្តល់យានយន្តប្រយុទ្ធថ្មើរជើង, ប្រទេសអ៊ីតាលីផ្តល់កាំភ្លើងត្បាល់ Artillery, ប្រទេសដាណា ម៉ាកនិងប្រទេសអេស្តូនៀសន្យាផ្តល់កាំភ្លើងផ្លោង Howitzers, ប្រទេសឡេតូនី ផ្តល់អាវុធ មីស៊ីល Stingers កាន់តែច្រើនថែមទៀត, ប្រទេសលីទុយអានីផ្តល់កាំភ្លើងប្រឆាំងយន្តហោះ និងប្រទេសហ្វាំងឡង់បានប្រកាសកញ្ចប់ដ៏ធំបង្អស់នៃជំនួយសន្តិសុខ។ លោក ចូ បៃដិន បានថ្លែងទាំងសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បានបញ្ជូនរថក្រោះ និងរថពាសដែក ប្រយុទ្ធមានចំនួនជាង៣ពាន់គ្រឿង, ប្រព័ន្ធអាវុធ Artillery មានជាង៨ពាន់ គ្រឿង, គ្រាប់កាំភ្លើងធំ Artillery មានជាង២លានគ្រាប់និងប្រព័ន្ធរ៉ុក្កែតទំនើបមានជាង៥០គ្រឿង។

លោកបានថ្លែងថាជំនួយនៃគ្រឿងសព្វាវុធទាំងនេះ គឺសម្រាប់ការការពារខ្លួនរបស់ អ៊ុយក្រែន និងមិនមែនជាអាវុធដែលគំរាមដល់ប្រទេសរុស្ស៊ីនោះឡើយ ប្រសិនណាបើទាហាន រុស្ស៊ីព្រមដកថយនិងវិលត្រឡប់ទៅកាន់ទឹកដីរបស់រុស្ស៊ីដូចដើមនោះវិញ…ហើយពេលនោះ សង្គ្រាមក៏នឹងបញ្ចប់ទៅវិញផងដែរ។ លោកថាសហរដ្ឋអាមេរិកនិងអង្គការណាតូមិនអនុញ្ញាត ឱ្យមានប្រទេសណាមួយមកលួចយកដីប្រទេសដទៃក្បែរខាងដោយការប្រើកម្លាំងទ័ពបានឡើយ៕