(ណៃពិដោ)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី កាលពី២ឆ្នាំមុន បានប្រកាសដាក់ចេញច្បាប់ដ៏តឹងរ៉ឹងថ្មីមួយ ស្តីពីគណបក្សនយោបាយ នៅមុនការបោះឆ្នោតដែលត្រូវបានសន្យាថា នឹងរៀបចំឡើងក្នុងឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

ច្បាប់ខាងលើដែលជំនួសច្បាប់ចាស់កាលពីឆ្នាំ២០១០ ហាមឃាត់គណបក្សនយោបាយនិងបេក្ខជនទាំងឡាយ មានជាប់ពាក់ព័ន្ធនឹង បុគ្គលក៏ដូចជាអង្គការ ដែលត្រូវបានចាត់ទុកថា ប្រព្រឹត្តអំពើភេរវកម្មឬខុសច្បាប់។ គណបក្សដែលមានបំណងចូលរួមប្រកួតក្នុងការបោះឆ្នោត នឹងត្រូវធានាឱ្យបានសមាជិកយ៉ាងហោច១០០,០០០នាក់ ក្នុងរយៈពេលត្រឹម៣ខែក្រោយការចុះឈ្មោះ ហើយត្រូវមានមូលនិធិ​ចំនួន១០០លានក្យាត ឬស្មើនឹង៤៥,០០០ដុល្លារ ដែលច្រើនជាងពីមុន១០០ដង។ លុយនេះត្រូវតែតម្កល់ទុកក្នុងធនាគាសេដ្ឋកិច្ច​មីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរដ្ឋ។

មិនតែប៉ុណ្ណោះ គណបក្សដែលមានស្រាប់ទាំងអស់ ចាំបាច់ត្រូវដាក់ពាក្យចុះឈ្មោះ ក្នុងរយៈពេល២ខែ ក្រោយច្បាប់ថ្មីនោះត្រូវបាន​ប្រកាសដាក់ចេញ។ គណបក្សនយោបាយ ក៏អាចត្រូវជាប់បម្រាមរយៈពេល៣ឆ្នាំ ឬរំលាយចោលតែម្តងផងដែរ ប្រសិនបើមិនគោរព​ឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនានា ដែលមានចែងនៅក្នុងច្បាប់ថ្មី។ ជាចុងក្រោយ គណបក្សនយោបាយ មិនត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យតវ៉ា ប្រឆាំងនឹងការសម្រេចចិត្តណាមួយ របស់គណៈកម្មារៀបចំបោះឆ្នោតស្តីពីការចុះឈ្មោះឡើយ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាច និងចាប់ខ្លួនលោកស្រី ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយការបោះឆ្នោតសកល ដែលបានមើលឃើញ គណបក្សរបស់លោកស្រីទទួលជ័យជម្នះជាថ្មីយ៉ាងភ្លូកទឹកភ្លូកដី។ ខាងយោធាបានអះអាងដោយគ្មានភស្តុតាងថា មានការក្លែងបន្លំក្នុងការបោះឆ្នោតនោះ ខណៈក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បាននិយាយថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០២០ គឺមានតម្លាភាពនិងដោយសេរី។

នៅចំពោះមុខការរិះគន់ពីអន្តរជាតិជុំវិញការធ្វើរដ្ឋប្រហារ បូករួមនិងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងបណ្តាប្រទេស​មួយចំនួនទៀត ដំបូងឡើយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដែលដឹកនាំដោយលោក មីន អោងឡាំង បានប្រកាសថា ខ្លួននឹងរៀបចំការបោះឆ្នោតថ្មី ក្នុងរយៈពេល១ឆ្នាំ។ ប៉ុន្តែបន្ទាប់មក រដ្ឋាភិបាលយោធាក៏បានក្រឡាស់សម្តីវិញ ដោយនិយាយថា ការបោះឆ្នោតសកលនឹងធ្វើឡើង នៅចន្លោះខែកុម្ភៈ និងខែសីហា ឆ្នាំ២០២៣៕