(ស៊ូវ៉ា)៖ ប្រធានាធិបតីហ្វីជី លោក រ៉ាទូ វីលីយ៉ាម៉េ កាតូនីវឺរ៉េ (Ratu Wiliame Katonivere) នៅថ្ងៃសុក្រនេះ បានព្យួរតំណែងអគ្គស្នងការប៉ូលិសនៃប្រទេសរបស់លោក ក្រោយការបោះឆ្នោតសកល ដែលបានមើលឃើញ ការផ្លាស់ប្តូររដ្ឋាភិបាលជាលើកដំបូង នៅប្រទេសដីកោះក្នុងតំបន់ប៉ាស៊ីហ្វិកមួយនេះ សម្រាប់រយៈពេល១៦ឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

លោក កាតូនីវឺរ៉េ បាននិយាយថា អគ្គស្នងការប៉ូលិសជាតិ លោក ស៉ីទីវេនី គីលីហូ (Sitiveni Qiliho) ត្រូវបានព្យួរការងារ តាមការណែនាំរបស់គណៈកម្មការ នៃការិយាល័យធម្មនុញ្ញ ដើម្បីរង់ចាំការស៊ើបអង្កេត និងការបញ្ជូនបន្តទៅកាន់តុលាការកាត់ក្តី។ ចំណែក ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក មហាំម៉េត សានីម (Mohammed Saneem) ក៏ត្រូវបានព្យួរតំណែងផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កាសែត Fiji Times បានរាយការណ៍ថា នាយករដ្ឋមន្រ្តីហ្វីជី លោក ស៉ីទីវីនី រូប៊ូកា (Sitiveni Rabuka) បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងបញ្ចប់កិច្ចព្រមព្រៀងស្តីពីការបណ្តុះបណ្តាល និងដោះដូរបទពិសោធន៍ ផ្នែកប៉ូលិសជាមួយប្រទេសចិន។ ជុំវិញសេចក្តីរាយការណ៍នេះ ការិយាល័យនាយករដ្ឋមន្ត្រី មិនបានឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា មេបញ្ជាការយោធាហ្វីជី លោកឧត្តមសេនីយ៍ទោ ចូន កាលូនីវ៉ៃ (Jone Kalouniwai) កាលពីដើមខែមករានេះ បានព្រមានរដ្ឋាភិបាលរបស់លោក រូប៊ូកា ប្រឆាំងនឹងការធ្វើ «ការធ្វើកំណែទម្រង់ដ៏ច្រើន» ហើយបានទទូចឲ្យគោរពតាមរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣របស់ប្រទេស ដែលផ្តល់តួនាទីសំខាន់ដល់យោធា៕