(កៀវ)៖ ទីភ្នាក់ថាមពលអាតូមិកអន្តរជាតិ (IAEA ) បានរាយការណ៍អំពីករណីផ្ទុះដ៏ខ្លាំងក្លា ក្បែរតំបន់ដែលរុស្ស៉ីកាន់កាប់ នៅទីតាំងរោងចក្រកថាមពលនុយក្លេអ៊ែរហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporizhzhia) របស់អ៊ុយក្រែន និងបន្តអំពាវនាវឲ្យមានការបង្កើត តំបន់សុវត្ថិភាពនៅទីនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ លោក រ៉ាហ្វាអេល ហ្រ្គូសស៉ី (Rafael Grossi) ដែលបានទៅទស្សនកិច្ចនៅអ៊ុយក្រែន កាលពីសប្តាហ៍មុន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា IAEA តាមដានជាប្រចាំនូវរបាយការណ៍អំពី ការផ្ទុះនៅជិតរោងចក្រ។ លោក ហ្រ្គូសស៉ី បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «កាលពីម្សិលមិញ គេបានឮសំលេងផ្ទុះខ្លាំងចំនួន៨លើក នៅម៉ោងប្រហែល១០ព្រឹក (ម៉ោងក្នុងតំបន់) ដែលបណ្តាលឲ្យបង្អួចការិយាល័យ នៅក្នុងរោងចក្រញ័រ ហើយការផ្ទុះជាច្រើនទៀតត្រូវបានគេឮនៅថ្ងៃនេះ»

មន្ត្រីរុស្ស៊ីម្នាក់បានច្រានចោលរបាយការណ៍ការបស់ IAEA ភ្លាមៗ ដោយនិយាយថា ស្ថាប័នរបស់ UN មួយនេះ ហាក់ចង់មានន័យថា ទីក្រុងមូស្គូមិនអាចរក្សាសុវត្ថិភាពនុយក្លេអ៊ែរ នៅរោងចក្រហ្សាប៉ូរ៉ិចហ្ស៉ីយ៉ាបាន និនចោទថាសម្តីរបស់លោក ហ្រ្គូសស៉ី គ្មានមូលដ្ឋានច្បាស់លាស់។

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៊ីបានកាន់កាប់រោងចក្រហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា កាលពីដើមខែមីនា ឆ្នាំ២០២២ នៅដើមដំបូងនៃការចូលឈ្លានពានលើអ៊ុយក្រែន ហើយទីក្រុងមូស្គូ និងទីក្រុងកៀវ បានចោទប្រកាន់គ្នាទៅវិញទៅមកលើ ការប្រយុទ្ធគ្នានៅជុំវិញទីតាំងដ៏រសើបនោះ៕