(ប៊ុយដាប៉ែស)៖ នាយករដ្ឋមន្រ្តីហុងគ្រីលោក វិចទ័រ អ័របាន (Viktor Orban) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាថ្ងៃសុក្រនេះថា ប្រទេសរបស់លោកនឹងវេតូទណ្ឌកម្មទាំងឡាយរបស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងរុស្ស៉ី ដែលប៉ះពាល់ដល់ផ្នែកថាមពលនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

អ៊ុយក្រែនធ្លាប់បានអំពាវនាវឱ្យ EU ដែលមានសមាជិកចំនួន២៧ប្រទេស ដាក់បញ្ចូលក្រុមហ៊ុនថាមពលនុយក្លេអ៊ែររបស់រុស្ស៉ី រ៉ូសាតូម (Rosatom) ទៅក្នុងទណ្ឌកម្មរបស់ខ្លួន ប៉ុន្តែហុងគ្រីដែលមានរោងចក្រថាមពលនុយក្លេអ៊ែរមួយកសាងឡើងដោយរុស្ស៉ី ហើយមាន​បំណងចង់ពង្រីកវាបន្ថែមទៀត ជាមួយក្រុមហ៊ុន Rosatom នោះ បានរារាំងការធ្វើយ៉ាងដូច្នោះ។

ក្នុងបទសម្ភាសន៍ខាងលើ លោកនាយករដ្ឋមន្រ្តីហុងគ្រីបាននិយាយដូច្នេះថា «ទណ្ឌកម្មថាមពលនុយក្លេអ៊ែរ ជាក់ស្តែងត្រូវតែវេតូ។ យើងនឹងមិនអនុញ្ញាតឱ្យគម្រោងដាក់បញ្ចូលថាមពលនុយក្លេអ៊ែរ ទៅក្នុងទណ្ឌកម្មត្រូវអនុវត្តបានដាច់ខាត»។ កន្លងមកនេះហុងគ្រី តែងតែបានចេញមុខរិះគន់ទណ្ឌកម្មរបស់ EU ដែលបានដាក់ទៅលើរុស្ស៉ី ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ដោយអះអាងថាពួកវា បរាជ័យក្នុងការធ្វើឱ្យរុស្ស៉ីចុះទន់ខ្សោយ ហើយស្របពេលជាមួយគ្នា ពួកវាបង្កហានិភ័យឱ្យសេដ្ឋកិច្ចរបស់អឺរ៉ុបប្រឈមការបំផ្លិចបំផ្លាញ។

គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរ ប៉ាក់ (Paks) របស់ហុងគ្រី មានរេអាក់ទ័រខ្នាតតូចចំនួន៤ធុន VVER 440 ដែលផលិត​ដោយរុស្ស៉ី ហើយរួមបញ្ចូលគ្នាមានសមត្ថភាពផ្តល់ថាមពលអគ្គិសនីបានប្រហែល ២,០០០មេហ្កាវ៉ាត់ និងបានចាប់​ផ្តើមប្រតិបត្តិការ កាលពីចន្លោះឆ្នាំ១៩៨២ និងឆ្នាំ១៩៨៧។ ស្ថានីយនោះក៏ទទួលបានឥន្ធនៈនុយក្លេអ៊ែរពីរុស្ស៉ីផងដែរ។ នៅក្រោមកិច្ចព្រមព្រៀងមួយ ដែលខ្លួនបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ ជាមួយរុស្ស៉ី ហុងគ្រីមានគោលដៅពង្រីកស្ថានីយ Paks តាមរយៈការដំឡើងរេអាក់ទ័រ VVER ផលិតដោយរុស្ស៉ីចំនួន២ទៀត ដោយរេអាក់ទ័រនីមួយៗ មានសមត្ថភាពផលិតថាមពលបាន១.២ហ្គីហ្កាវ៉ាត់៕