(ញូវដេលី)៖ ប៉ូលិសឥណ្ឌានៅថ្ងៃសុក្រនេះបានសម្រេចចោទប្រកាន់មនុស្ស ១០នាក់ ពី បទមនុស្សឃាតជុំវិញការបាក់រលំស្ពានយោលសម័យអាណានិគមកាលពីឆ្នាំមុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០២៣។

ស្ពានយោលដែលមានអាយុ ១៤៥ឆ្នាំនៅក្នុងទីក្រុងម័រប៊ី (Morbi) ត្រូវបានប្រមូលផ្តុំ ដោយអ្នកទស្សនារាប់រយនាក់នៅពេលដែលវាបានបាក់កាលពីថ្ងៃទី៣០ ខែតុលា។ ស្ពាននេះត្រូវបានបើកឲ្យដំណើរការឡើងវិញ ក្រោយជួសជុលរួចបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនជួបហេតុការណ៍នេះ។ ជនរងគ្រោះភាគច្រើនជាស្ត្រី និងកុមារដែលលង់ទឹកស្លាប់។

ប៉ូលីសនៅរដ្ឋ Gujarat នៅថ្ងៃសុក្រនេះ បានចេញដីកាចាប់ខ្លួន លោក Jaysuk Patel ប្រធានក្រុមហ៊ុន Oriva Group ដែលជាក្រុមហ៊ុនគ្រប់គ្រងស្ពានបាក់ខាងលើ ហើយបានដាក់គាត់ជាជនសង្ស័យនាំមុខគេ នៅក្នុងការចោទប្រកាន់ដែលដាក់នៅតុលាការទីក្រុងម័រប៊ី (Morbi)។

ក្រៅពីលោក Patel ការចោទប្រកាន់ដែលមានកម្រាស់ជាង ១,២០០ទំព័រក៏បានកំណត់អត្តសញ្ញាណអ្នកគ្រប់គ្រងពីរនាក់នៃក្រុមហ៊ុន Oriva Group ផងដែរ ព្រមទាំងបុគ្គលិកលក់សំបុត្រពីរនាក់ សន្តិសុខចំនួន៣នាក់ និងមនុស្សពីរនាក់ទៀតដែលទទួលបន្ទុកជួសជុលស្ពាន។

គួរបញ្ជាក់ថា ស្ពានសម័យអាណានិគមនោះ ដែលស្ថិតនៅទីក្រុងម័រប៊ី (Morbi) និងលាតសន្ធឹងឆ្លងកាត់ទន្លេម៉ាចឈូ (Machchhu) ពោរពេញទៅដោយអ្នកទស្សនារាប់រយនាក់ ដែលទៅចូលរួមពិធីបុណ្យឌីវ៉ាលី (Diwali) និងពិធីបុណ្យ ឆាត ពូចា (Chhath Puja) របស់ប្រទេសឥណ្ឌា មុនពេលវាដាច់ ហើយមនុស្សម្នាធ្លាក់ចូលទៅក្នុងទឹកជម្រៅប្រហែល១០ម៉ែត្រ៕