(តៃប៉ិ)៖ ការវាយប្រហារព័ត៌មានវិទ្យា សកម្មភាពនាវាចម្បាំង និងយន្ដហោះចម្បាំងឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិត យន្ដហោះដ្រូន ហោះនៅក្បែរកោះ Kinmen និងមីស៊ីលហោះរំលងកោះតៃវ៉ាន់ ទាំងនេះសុទ្ធសឹងតែជាភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងចិន កាលពីឆ្នាំ២០២២។ ឆ្នាំ២០២២ ត្រូវបានគេចាត់ទុកថា ជាឆ្នាំដ៏គ្រោះថ្នាក់សម្រាប់តៃវ៉ាន់ តែចុះឆ្នាំ២០២៣នេះវិញ តើវានឹងមានអ្វីឡើងកើតឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ។ ដើម្បីអាចសាកល្បងយល់ពីស្ថានការណ៍ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងឆ្នាំ២០២៣ គេគួរតែព្យាយាមស្វែងយល់ជាមុនពីស្ថានការណ៍នៅក្នុងប្រទេសចិន។

* បញ្ហាប្រឈមនៅក្នុងស្រុកសម្រាប់ថ្នាក់ដឹកនាំចិន
គណបក្សកុម្មុយនិស្ដចិន (CCP) កំពុងប្រឈមមុខនឹងបញ្ហាប្រឈមនៅក្នុងស្រុកសំខាន់ៗទាំងខាងសេដ្ឋកិច្ច និងសង្គម។ តួយ៉ាង ចំនួនអ្នកឆ្លង និងស្លាប់កូវីដ១៩ បានកើនឡើងគួរឱ្យកត់សម្គាល់ នៅក្រោយការសម្រេចចិត្តបោះចោលយ៉ាងតក់ក្រហល់នូវ «គោលនយោបាយហ្សេរ៉ូកូវីដ (zero-COVID)»។ ការផ្លាស់ប្ដូរយ៉ាងលឿនបែបនេះបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ គណបក្សកុម្មុយនិស្ដចិនចំពោះបាតុកម្មតវ៉ាប្រឆាំងនឹងគោលនយោបាយហ្សេរ៉ូកូវីដ។ កូវីដ១៩ ក៏បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចចិនទៀតផងដែលមានកំណើនយឺតយ៉ាវ កាលពីឆ្នាំ២០២២។ បញ្ហាប្រឈមទាំងនេះកើតមានឡើង នៅក្នុងបរិបទដែលការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែមានភាពស្រួចស្រាល់ ស្របពេលក្រុមហ៊ុនបរទេសធំៗជាច្រើនកំពុងសម្លឹងមើល ទីផ្សារចិនជាមួយនឹងការសង្ស័យ។ បន្ថែមពីលើនេះ របាយការណ៍ចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថាចំនួនប្រជាជនចិនកំពុងថយចុះ វាក៏អាចនឹងជំរុញផងដែរឱ្យក្រុមហ៊ុនមួយចំនួនងាកទៅរក ការធ្វើពិពិធកម្មទីផ្សារ និងខ្សែចង្វាក់ផ្គត់ផ្គង់។ ការវិវត្តបែបនេះទៀតសោតនឹងបង្កជាបញ្ហាប្រឈមសម្រាប់ថ្នាក់ដឹកនាំចិនទាំងនៅក្នុងស្រុក និងក្រៅស្រុក ឬនិយាយឱ្យខ្លី គណបក្សកុម្មុយនិស្ដចិន កំពុងស្ថិតនៅក្នុងស្ថានភាពលំបាក។

ដូច្នេះវាអាចទៅរួចដែលលោកប្រធានាធិបតី ស៊ី ជិនពីង អាចនឹងព្យាយាមស្វែងរក ឬរក្សាស្ថិរភាពនៅក្រៅស្រុក ពោលគឺទំនាក់ទំនងមានស្ថិរភាពយ៉ាងហោចណាស់ក្នុងរយៈពេលខ្លី ជាមួយអាមេរិក ដើម្បីដោះស្រាយបញ្ហានៅក្នុងស្រុក ប៉ុន្តែលើកលែងករណីតៃវ៉ាន់មួយចេញ។ ទោះបីជាប្រឈមមុខនឹងបញ្ហានៅក្នុងស្រុកជាច្រើន​ អស់រយៈពេលជាខែក៏ពិតមែន ក៏យុទ្ធនាការដាក់សម្ពាធរបស់លោក ស៊ី ជិនពីង ជាច្រើនឆ្នាំមកនេះមិនបានថយចុះនោះទេ ផ្ទុយទៅវិញមានតែកើនឡើងជាលំដាប់។ កាលពីខែធ្នូ ឆ្នាំ២០២២ ជាពេលដែលចិនលុបចោលគោលនយោបាយហ្សេរ៉ូកូវីដ យន្ដហោះចម្បាំង កងទ័ពរំដោះប្រជាជនចិន (PLA) សរុប ៦៩គ្រឿង បានហោះឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាល» នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេល ៩ថ្ងៃផ្សេងគ្នា ហើយមិនតែប៉ុណ្ណោះ យន្ដហោះចម្បាំង PLA ៥១គ្រឿង ក៏បានធ្វើសកម្មភាពដូចគ្នានេះ ក្នុងពេល៨ថ្ងៃផ្សេងគ្នាផងដែរ នៅក្នុងខែមករា ឆ្នាំ២០២៣នេះ។ យុទ្ធនាការដាក់សម្ពាធនេះអាចនឹងនៅតែដដែល ពីព្រោះសម្រាប់លោក ស៊ី ជិនពីង បញ្ហាតៃវ៉ាន់អាចនឹងទាញចំណាប់អារម្មណ៍ប្រជាជនចិនពីបញ្ហានៅក្នុងស្រុក។

* ការសម្លុតគំរាមយោធា អំឡុងរដូវកាលឃោសនាបោះឆ្នោតនៅតៃវ៉ាន់
មិនមែនមានតែនយោបាយនៅក្នុងស្រុកប៉ុណ្ណោះទេ ដែលជំរុញឱ្យគណបក្សកុម្មុយនិស្ដចិនប្រើប្រាស់អំណាចយោធាដាក់សម្ពាធលើតៃវ៉ាន់ ដោយការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ២០២៤ ក៏ជាកត្តាជំរុញមួយដ៏សំខាន់ដែរ។ គណបក្សទាំងឡាយនៅតៃវ៉ាន់ នឹងត្រូវជ្រើសរើសបេក្ខជនប្រធានាធិបតីរបស់ខ្លួន នៅរដូវក្ដៅខាងមុខនេះ មុននឹងចាប់ផ្ដើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ ចិនបានព្យាយាមប្រើប្រាស់អំណាចយោធាដាក់សម្ពាធ ដើម្បីព្យាយាមកែប្រែលទ្ធផលបោះឆ្នោតជាច្រើនលើកនៅតៃវ៉ាន់ កាលពីអតីតកាល និងថ្មីចុងក្រោយបំផុតនោះគឺក្នុងការបោះឆ្នោតថ្នាក់តំបន់ នៅតៃវ៉ាន់កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

តែទោះបីជាចិនមើលឃើញថាអំណាចយោធា ជាឧបករណ៍មួយអាចជះឥទ្ធិពលលើការបោះឆ្នោតនៅតៃវ៉ាន់ក៏ដោយ ក៏នៅតែមានការសង្ស័យថាតើចិនចង់បាន ឬពេញចិត្តទៅនឹងលទ្ធផលបោះឆ្នោត បែបណានៅតៃវ៉ាន់។ កន្លងមក ចិនត្រូវបានគេជឿជាក់ថាចង់ឱ្យបេក្ខជនមកពីគណបក្សគួមិញតាង (Kuomintang) ទទួលបានជ័យជម្នះក្លាយជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ដ្បិតគណបក្សកុម្មុយនិស្ដចិន យល់ថាគណបក្សមួយនេះគឺជាដៃគូមួយដ៏មានប្រយោជន៍របស់ចិន នៅតៃវ៉ាន់។ ប៉ុន្តែស្ថានការណ៍បច្ចុប្បន្ន វាពិបាកស្មានដោយសារនយោបាយងាកទៅរកចិនរបស់គណបក្សគួមិញតាង បាននិងកំពុង ក្លាយជាប្រធានបទក្ដៅ នៅក្នុងចំណោមប្រជាជនតៃវ៉ាន់ដែលមានចំនួនកាន់តែច្រើនឡើងមានទំនោរប្រឆាំងនឹងចិន។ បានន័យថាគណបក្សគួមិញតាងអាចនឹងផ្លាស់ប្ដូរគោលជំហរ ឬនយោបាយក៏ថាបាន នៅចំពោះមុខការជ្រើសរើសដ៏លំបាក់រវាងអ្វីដែលប្រជាជនតៃវ៉ាន់ចង់បាន និងអ្វីដែលគណបក្សកុម្មុយនិស្ដចិនចង់បាន។ ម្លោះហើយ បើទីក្រុងប៉េកាំងជឿថាបេក្ខជនមកពីគណបក្សគួមិញតាង ឬមកពី គណបក្សប្រជាធិបតេយ្យចម្រើននិយម (DPP) ជាបក្សកាន់អំណាចសព្វថ្ងៃនៅតៃវ៉ាន់ មានគោលនយោបាយដូចតែគ្នា នោះចិនក៏គ្មានហេតុផលអ្វីត្រូវបន្ធូរបន្ថយការប្រើអំណាចយោធាដាក់សម្ពាធលើ តៃវ៉ាន់នោះដែរ។

* ស​ម្ព័ន្ធមិត្តចាប់ផ្ដើមធ្វើការ
កាលពីដើមខែមករានេះ សហរដ្ឋអាមេរិក និងជប៉ុន បានប្រកាសពីផែនការជាច្រើនមានគោលដៅពង្រឹងសម្ព័ន្ធភាពឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំង២ ដោយនៅក្នុងផែនការទាំងនេះ រួមមានផែនការ ពង្រីកកម្លាំងម៉ារីននៅលើកោះអូគីណាវ៉ា។ នៅពេលលេចចេញជារូបរាងយ៉ាងយូរនៅឆ្នាំ២០២៥ កងកម្លាំងម៉ារីនថ្មីនេះនឹងត្រូវបានបំពាក់អាវុធដែលឱ្យពួកគេមានសមត្ថភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការ ប្រឆាំងនាវាចម្បាំង និងការធ្វើការឆ្លើយតបយ៉ាងលឿនរហ័ស។ មួយវិញទៀត ផែនការបង្កើនកញ្ចប់ថវិកាយោធារបស់ជប៉ុន ក្នុងនោះរួមមានទាំងគម្រោងទិញមីស៊ីលគ្រូស Tomahawk រាប់រយដើមពី សហរដ្ឋអាមេរិក ព្រមទាំងការបង្កើនវត្តមានយោធាអាមេរិកនៅអូស្រ្តាលី ក៏កំពុងបង្កក្ដីបារម្ភដល់ទីក្រុងប៉េកាំងដែរ។

បរិយាកាសសន្តិសុខនៅក្នុងតំបន់សព្វថ្ងៃដែលកំពុងផ្លាស់ប្ដូរនេះ គឺដើរផ្ទុយទៅនឹងផលប្រយោជន៍របស់ចិន ហើយនេះអាចនឹងជំរុញឱ្យចិនកាន់តែបង្កើនសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ នៅក្នុងរយៈពេលខ្លី។

* ការបំពេញទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក?
ប៉ុន្មានថ្ងៃ មុននឹងអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ២០២២ លោក Kevin McCarthy បានប្រាប់ អ្នកសារព័ត៌មាននៅពេលនោះថាលោកមានបំណងបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ប្រសិនបើរូបលោកជាប់ឆ្នោតជាប្រធានសភាតំណាងរាស្ត្រអាមេរិក។ បច្ចុប្បន្ន លោក Kevin McCarthy គឺជាប្រធានសភាតំណាងរាស្ត្រអាមេរិក ហើយលោកត្រូវបានគេមើលឃើញថាទំនងជាអាចនឹងដឹកនាំប្រតិភូបំពេញទស្សនកិច្ចបែបនេះក្នុងឆ្នាំ២០២៣នេះ។ ជាការសងសឹកទៅនឹងដំណើរទស្សនកិច្ចរបស់ លោកស្រី ផេឡូស៊ី ចិនបានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឡោមព័ទ្ធជុំវិញតៃវ៉ាន់ ជាហេតុបង្កឱ្យក្រុមអ្នកជំនាញខ្លះនាំគ្នាសន្និដ្ឋានពីការផ្ទុះឡើងនូវវិបត្តិច្រកសមុទ្រតៃវ៉ាន់លើកទី៤ និងការបាញ់មីស៊ីលរំលងកោះតៃវ៉ាន់។

ក្នុងករណីដែលលោក Kevin McCarthy ពិតជាបំពេញទស្សនកិច្ចនៅតៃវ៉ាន់ពិតមែន នោះលោក ស៊ី ជិនពីងអាចនឹងកាន់តែចាត់វិធានការឆ្លើយតបរឹតតែខ្លាំងជាងមុន ដូចជាការបញ្ជូនយន្ដហោះចម្បាំង និងយន្ដហោះដ្រូនចូលក្នុងដែនអាកាសតៃវ៉ាន់ បាញ់មីស៊ីលរំលងកោះតៃវ៉ាន់ នៅក្នុងគន្លងទាបជាងការបាញ់មីស៊ីលរំលងតៃវ៉ាន់ ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ឬក៏អាចនឹងធ្វើ សកម្មភាពនៅកៀកនាវាចម្បាំង និងយន្ដហោះចម្បាំងអាមេរិក។

សរុបមកវិញ កងទ័ពរំដោះប្រជាជនចិន PLA​ ទំនងជានឹងនៅតែរក្សាការធ្វើសកម្មភាពយោធាក្នុងកម្រិតខ្ពស់ នៅក្បែរកោះតៃវ៉ាន់នៅក្នុងឆ្នាំ២០២៣នេះ ដោយសារតែបញ្ហាប្រឈមនៅក្នុងស្រុក ការបោះឆ្នោតនៅតៃវ៉ាន់ និងការប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិនក្នុងតំបន់៕