(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៉ីរ៉ង់ បានរាយការណ៍ថា កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ គ្រោះរញ្ជួយដីមួយកម្រិត៥.៩រ៉ិចទ័រ បានវាយប្រហារចំភាគពាយព្យនៃប្រទេសអ៉ីរ៉ង់ ក្បែរព្រំប្រទល់ជាមួយប្រទេសតួកគី ដែលជាលទ្ធផលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់បាត់បង់ជីវិត និងរាប់រយនាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។

គ្រោះរញ្ជួយដីខាងលើមានជម្រៅរាក់ ហើយចំណុចរំញ័រកណ្តាលរបស់វា ស្ថិតនៅទីក្រុងខូយ (Khoy) នៃខេត្តអាស៊ែបៃហ្សង់ខាងលិច (West Azerbaijan)។ ទីភ្នាក់ងារព័ត៌មានអ៉ីរ៉ង់ IRNA បានរាយការណ៍ថា​ ក្រោយហេតុការណ៍ដែលបានកើតឡើង នៅម៉ោងជិត១០យប់ថ្ងៃសៅរ៍​នោះ គឺមានមនុស្សយ៉ាងតិច៣នាក់ស្លាប់ និងចន្លោះប្រហែល៤០០-៥០០នាក់រងរបួស។ រីឯលំនៅឋាននិងអគារផ្សេងជាច្រើន ដែលនៅក្នុងតំបន់​រងការវាយប្រហារ ក៏បានរងការខូចខាតនិងបំផ្លិចបំផ្លាញផងដែរ។

គួរបញ្ជាក់ថា ទីតាំងភូមិសាស្រ្តរបស់អ៉ីរ៉ង់ គឺស្ថិតនៅចំព្រំប្រទល់នៃផ្លាកតិចតូនិចធំៗមួយចំនួនរបស់ផែនដី ជាហេតុនាំឱ្យប្រទេសមួយនេះ តែងទទួលរងការវាយប្រហារដោយរញ្ជួយដីជាញឹកញាប់។ កាលពីថ្ងៃទី១៨ ខែមករា គ្រោះរញ្ជួយដីកម្រិត៥.៨រ៉ិចនៅក្បែរ​ទីក្រុងខូយ ក៏បានបង្កឱ្យមនុស្សខ្ទង់រយនាក់រងរបួសផងដែរ។ ហេតុការណ៍រញ្ជួយដីដ៏ប្រល័យបំផុតក្នុងកំណត់ត្រានៅប្រទេសអ៉ីរ៉ង់ គឺគ្រោះរញ្ជួយដីកម្រិត៧.៤រ៉ិចទ័រ នៅភាគខាងជើងប្រទេស កាលពីឆ្នាំ១៩៩០ ដែលបានស្លាប់មនុស្ស៤០,០០០នាក់ បង្កឱ្យរបួស៣០០,០០០នាក់ និងធ្វើឱ្យកន្លះលាននាក់ទៀត បាត់បង់ផ្ទះសម្បែង៕