(មូស្គូ)៖​ នៅថ្ងៃអាទិត្យនេះ រុស្ស៉ីបានប្រកាសថា ខ្លួននឹងមិនបើកកិច្ចពិភាក្សាជាមួយជប៉ុន ជុំវិញការបន្តឡើងវិញនូវកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យក្រុមអ្នកនេសាទជប៉ុន ធ្វើប្រតិបត្តិការនៅក្បែរតំបន់កោះមានជម្លោះនោះឡើយ ក្រោមហេតុផលថា ទីក្រុងតូក្យូបាន​ប្រកាន់ចំណាត់ការប្រឆាំងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។

តំបន់ទីប្រជុំកោះ ដែលស្ថិតនៅក្បែរកោះហុកកៃដូ (Hokkaido) ភាគខាងជើងប្រទេសជប៉ុន ត្រូវរុស្ស៉ីហៅថា ទីប្រជុំកោះគូរីល (Kurils) ហើយជប៉ុនផ្ទាល់ហៅថា ទីប្រជុំកោះភាគខាងជើង ខណៈវាគឺជាបញ្ហាស្នូលចម្បងបំផុត នៅក្នុងភាពតានតឹងដែលអូសបន្លាយអស់ពេល រាប់ទសវត្សរ៍រវាងប្រទេសជិតខាងទាំងពីរ។

កាលពីខែមិថុនា ឆ្នាំ២០២២ រុស្ស៉ីបានផ្អាកកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ១៩៩៨ ដែលអនុញ្ញាតឱ្យទូកនេសាទជប៉ុន អាចធ្វើសកម្មភាពក្បែរ​ទីប្រជុំកោះខាងលើ ហើយប្រធានគណៈរដ្ឋមន្រ្តីជប៉ុន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ទីក្រុងតូក្យូចង់ឱ្យរុស្ស៉ីយល់ព្រមចំពោះកិច្ចពិភាក្សា ដើម្បីឱ្យប្រតិបត្តិការនេសាទ អាចចាប់ផ្តើមឡើងវិញបានក្នុងឆ្នាំនេះ។

យ៉ាងណាមិញ ក្រសួងការបរទេសរុស្ស៉ី បានសេចក្តីថ្លែងការណ៍ថា «ក្នុងបរិបទនៃចំណាត់ការប្រឆាំងរុស្ស៉ី ដែលប្រកាន់យកដោយរដ្ឋាភិបាល​ជប៉ុន ភាគីរុស្ស៉ីបានជូនដំណឹងដល់ទីក្រុងតូក្យូថា ខ្លួនមិនអាចយល់ព្រមលើការបើកកិច្ចពិភាក្សា ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះវិញឡើយ»។ ទីក្រុងមូស្គូបានបន្តថា វានឹងមិនអាចមានភាពប្រសើរឡើងក្នុងចំណងទាក់ទងនោះទេ លុះត្រាតែជប៉ុនបង្ហាញការគោរពចំពោះរុស្ស៉ី និងក្តីបំណងជាក់ស្តែងដើម្បីស្តារទំនាក់ទំនងទ្វេភាគី។

គួរបញ្ជាក់ថា ជប៉ុនដែលជាសម្ព័ន្ធមិត្តសំខាន់មួយរបស់សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើបុគ្គលនិងអង្គការជាច្រើនរបស់រុស្ស៉ី មិនយូរប៉ុន្មាននោះឡើយបន្ទាប់ពី ទីក្រុងមូស្គូបានបញ្ជូនទ័ពចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។​ រីឯកាលពីថ្ងៃសុក្រសប្តាហ៍នេះ ទីក្រុងតូក្យូក៏បានពង្រឹងទណ្ឌកម្មបន្ថែមលើរុស្ស៉ីផងដែរ ឆ្លើយតបការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើទីក្រុងរបស់អ៊ុយក្រែន។ ជប៉ុននិងរុស្ស៉ីមិនមានសន្ធិសញ្ញាសន្តិភាពផ្លូវការជាមួយគ្នាទេ ដោយសារតែជម្លោះជុំវិញទីប្រជុំកោះខាងលើ ដែលត្រូវបានអតីតសហភាពសូវៀតកាន់កាប់ នៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទីពីរ៕