(អ៉ីស្លាម៉ាបាដ)៖ ហេតុការណ៍គ្រោះថ្នាក់ដ៏អាក្រក់ចំនួន២ បានកើតឡើងគាប់ជួនគ្នានាថ្ងៃអាទិត្យនេះ នៅឯប្រទេសប៉ាគីស្ថាន ដោយក្នុងនោះ មួយករណីគឺរថយន្តក្រុង១គ្រឿង បានបើកធ្លាក់ពីលើស្ពានរួចឆាបឆេះឡើង ជាហេតុនាំឱ្យមនុស្សជាង៤០នាក់ស្លាប់ ខណៈមួយករណីទៀតគឺ ក្មេងៗ១០នាក់ បានបាត់បង់ជីវិត ក្រោយទូកដែលពួកគេជិះបានលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។

សម្រាប់ទីតាំងនៃករណីរថយន្តបើកធ្លាក់ស្ពាន គឺស្ថិតនៅខេត្តបាឡូជីស្ថាន (Balochistan) ភាគខាងត្បូងប្រទេស។ រថយន្តក្រុងនោះដែលផ្ទុក មនុស្សសរុប៤៨នាក់ បានជួបគ្រោះថ្នាក់នៅតាមផ្លូវធ្វើដំណើរចេញពីរដ្ឋធានីកេតា (Quetta) នៃខេត្តបាឡូជីស្ថាន ឆ្ពោះទៅកាន់ទីក្រុងការ៉ាជី (Karachi)។ សាកសព៤១នាក់ ត្រូវយកបានចេញពីក្នុងរថយន្ត ខណៈមនុស្សចំនួនទៀត បានរងរបួស។

ដោយឡែក នៅខេត្តមួយផ្សេងទៀតភាគពាយព្យប្រទេសប៉ាគីស្ថាន កុមារចំនួន១០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីទូកធ្វើដំណើររបស់ពួកគេ បានលិចនៅបឹងតានដាដាំ (Tanda Dam) ហើយពួកគេមានអាយុចន្លោះ៧-១៤ឆ្នាំ។ ចំណែកឯក្មេងៗ១១នាក់ ក៏ត្រូវបានជួយសង្រ្គោះចេញពីទឹកផងដែរ ក្នុងនោះ៦នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទូកដែលជួបគ្រោះថ្នាក់នោះ ផ្ទុកសិស្សសាលាសរុបចន្លោះ២៥-៣០នាក់។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើ តែងកើតមានឡើងជាញឹកញាប់នៅក្នុងប្រទេសអាស៉ីខាងត្បូងមួយនេះ។ តួយ៉ាងកាលពីខែមិថុនា ឆ្នាំមុន មនុស្សយ៉ាងហោច២២នាក់បានស្លាប់ ក្នុងនោះរួមមានទាំងសមាជិក៩នាក់នៃគ្រួសារមួយ នៅពេលរថយន្តដឹកអ្នកដំណើរ១គ្រឿង បានធ្លាក់​ចូលទៅក្នុងជ្រោះជ្រៅ។ ចំណែកនៅខែកក្កដា ឆ្នាំដដែល មនុស្ស១៨នាក់បានបាត់បង់ជីវិត នៅពេលទូកមួយគ្រឿងដឹកមនុស្សច្រើនកកកុញបានលិច៕