(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកូរ៉េខាងត្បូង បានរាយការណ៍ឱ្យដឹងនាថ្ងៃអាទិត្យនេះថា ទាហានកូរ៉េខាងត្បូងម្នាក់ បានបាញ់កាំភ្លើងយន្តដោយការភាន់ច្រឡំ នៅក្បែរព្រំប្រទល់ជាប់កូរ៉េខាងជើង ដែលជាហេតុនាំឱ្យទីក្រុងសេអ៊ូលជូនដំណឹងភ្លាមៗ ទៅកាន់ទីក្រុងព្យុងយ៉ាងថា​ ទង្វើនោះគឺត្រូវបានធ្វើឡើងដោយអចេតនាប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ ដែលផ្អែកលើប្រភពពីយោធាកូរ៉េខាងត្បូង បាននិយាយថា គ្រាប់ពិតចំនួន៤គ្រាប់ ត្រូវបានបាញ់ចេញពីកាំភ្លើងយន្ត កំលុងការហ្វឹកហាត់មួយ នៅបណ្តោយព្រំដែនអន្តរកូរ៉េ ក្នុងខេត្តហ្កាងវ៉ុន (Gangwon) កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ ខណៈមិនមានផែនការ ដើម្បីហាត់សមបាញ់គ្រាប់ពិតអ្វីឡើយ កំលុងការហ្វឹកហាត់នោះ។​

ទោះបែបនេះក្តី គ្រាប់កាំភ្លើងទាំងអស់បានធ្លាក់នៅក្នុងដីកូរ៉េខាងត្បូងផ្ទាល់ ហើយពុំមានសេចក្តីរាយការណ៍អំពីការខូចខាតអ្វីទេ ភ្លាមៗយោធាកូរ៉េខាងត្បូង ក៏បានជូនដំណឹងជាបន្ទាន់ ប្រាប់ទៅកាន់កូរ៉េខាងជើងថា ការបាញ់កាំភ្លើងយន្តខាងលើ គឺកើតឡើងដោយអចេតនា ហើយកូរ៉េខាងជើងក៏ហាក់មិនបានបង្ហាញសញ្ញាខុសប្រក្រតីអ្វីដែរ ក្រោយហេតុការណ៍នោះ។

គួរបញ្ជាក់ថា កូរ៉េទាំងពីរតាមពិតគឺនៅបន្តស្ថិតក្នុង ស្ថានភាពសង្រ្គាមនៅឡើយទេ បន្ទាប់ពីការប្រយុទ្ធគ្នាត្រូវបានបិទបញ្ចប់ទៅ តាមរយៈបទឈប់បាញ់ កាលពីឆ្នាំ១៩៥៣ប៉ុណ្ណោះ។ ប្រទេសទាំងពីរខណ្ឌចែកគ្នាដោយតំបន់ទ្រនាប់មួយ ហៅថា DMZ ដែលមានទំហំ៤គីឡូម៉ែត្រ និងរត់កាត់ឧបទ្វីបកូរ៉េប្រវែងសរុប២៥០គីឡូម៉ែត្រ។

លើកចុងក្រោយបំផុត ដែលភាគីទាំងពីរ បាញ់កាំភ្លើងដាក់គ្នានៅតំបន់ព្រំដែន គឺកាលពីខែឧសភា ឆ្នាំ២០២០ នៅពេលគ្រាប់កាំភ្លើង៤គ្រាប់ ដែលហោះមកពីកូរ៉េខាងជើង បានត្រូវចំប៉ុស្តិ៍យាមរបស់កូរ៉េខាងត្បូង ជាហេតុនាំឱ្យកូរ៉េខាងត្បូងបាញ់តបតទៅវិញ។ ដោយឡែក កាលពីឆ្នាំ២០១៧ កូរ៉េខាងជើងក៏ធ្លាប់បាញ់លើប្រជាជនខ្លួនម្នាក់ ដែលរត់កាត់ព្រំដែនដើម្បីមកចុះចូលជាមួយកូរ៉េខាងត្បូងផងដែរ ប៉ុន្តែនាពេលនោះ កូរ៉េខាងត្បូងមិនបានបាញ់តបតវិញឡើយ៕