(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកម្នាក់ បាននិយាយថាអ៉ីស្រាអែល ទំនងជាអ្នកនៅពីក្រោយការវាយប្រហារដោយយន្ដហោះដ្រូន លើរោងចក្រយោធាមួយកន្លែងនៅក្នុងប្រទេសអ៉ីរ៉ង់ កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែលដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នាមួយនៅលើទឹកដីអ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

អ៉ីរ៉ង់បានអះអាងថាខ្លួនបានស្ទាក់ចាប់យន្ដហោះដ្រូនជាច្រើនគ្រឿង ដែលបានដឹកនាំការវាយប្រហារលើរោងចក្រយោធាមួយស្ថិតនៅក្បែរកណ្ដាលទីក្រុង អ៉ីសហ្វាហាន់ (Isfahan) ដោយមិនបានបង្កឱ្យមានមនុស្សស្លាប់ និងរបួស ឬក៏បង្កការខូចខាតធ្ងន់ធ្ងអ្វីនោះទេ។ មកទល់នឹងពេលនេះ ទំហំខូចខាតមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ រីឯ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានបញ្ចេញវីដេអូបង្ហាញពីផ្កាភ្លើងនៅលើផ្ទៃមេឃ និងសកម្មភាពរថយន្ដសង្រ្គោះបន្ទាន់ជាច្រើនគ្រឿងនៅឯកន្លែងកើតហេតុ។

ដោយឡែក ជុំវិញការវាយប្រហារនេះដែរ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្ដមសេនីយ៍ត្រី ផាទ្រីត រ៉ៃដឺ (Patrick Ryder) បានបញ្ជាក់ថាគ្មានកងកម្លាំងអាមេរិកណាម្នាក់ បានចូលរួម ឬមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនៅលើទឹកដីអ៉ីរ៉ង់នោះទេ តែក៏មិនបានឱ្យដឹងអ្វីបន្ថែមលម្អិតនោះដែរ។ ចំណែកឯ ខាងយោធាអ៉ីស្រាអែលបានបដិសេធ ធ្វើអត្ថាធិប្បាយទៅនឹងសំណួអ្នកសារព័ត៌មាន។

គួរបញ្ជាក់ថា ការវាយប្រហារលើរោងចក្រយោធាអ៉ីរ៉ង់ខាងលើ កើតមានឡើងនៅចំពេលខាងភាគីអ៉ីស្រាអែល បានព្រមានជាបន្តបន្ទាប់ថាខ្លួនអាចនឹងដឹកនាំការវាយប្រហារលើ គោលដៅមួយចំនួននៅលើទឹកដីអ៉ីរ៉ង់ ប្រសិនបើមធ្យោបាយការទូតទទួលបរាជ័យ ឬក៏មិនអាចទប់ស្កាត់កុំឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរទេនោះ៕