(សេអ៊ូល)៖ អគ្គលេខាធិការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) នៅថ្ងៃចន្ទនេះបានជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ជាមួយ ការសង្កត់ធ្ងន់ថាប្រទេសដទៃជាច្រើនបានផ្លាស់ប្ដូរគោលនយោបាយរបស់ពួកគេ ដោយសារតែការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

លោក ស្ដូលធិនបឺគ កំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ក្រោមក្របខណ្ឌនៃការឈប់សំចតដំបូង ក្នុងដំណើរទស្សនកិច្ចមួយដែលរួមបញ្ចូលទាំងប្រទេសជប៉ុនផងដែរ ក្នុងគោលបំណងពង្រឹង ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក នៅចំពោះមុខសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងនៃការប្រកួតប្រជែងជាមួយចិន។ នៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូង លោក ស្ដូលធិនបឺគ បានលើកឡើងថាព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងតំបន់អឺរ៉ុប និងអាមេរិកខាងជើង គឺមានទំនាក់ទំនងជាមួយតំបន់ដទៃ ហើយថាបក្សសម្ព័ន្ធយោធា NATO​ ចង់ជួយគ្រប់គ្រង និងដោះស្រាយការគំរាមកំហែងជាសកល តាមរយៈការពង្រឹងភាពជាដៃគូនៅក្នុងតំបន់អាស៊ី។

ថ្លែងនៅឯវិទ្យាស្ថាន Chey Institute for Advanced Studies ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះ ប្រមុខ NATO រូបនេះបានអរគុណដល់កូរ៉េខាងត្បូងសម្រាប់ការបញ្ជូនជំនួយដែល មិនមែនជាអាវុធអាចសម្លាប់ជីវិតមនុស្ស ដល់អ៊ុយក្រែន ប៉ុន្តែលោកផ្ទាល់បានជំរុញឱ្យទីក្រុងសេអ៊ូល បង្កើនការគាំទ្រផ្នែកយោធាបន្ថែមទៀត ជាពិសេសនោះគឺតម្រូវការចំាបាច់នូវ គ្រាប់រំសេវ។ បន្ថែមពីលើនេះ ជាការបញ្ចុះបញ្ចូលកូរ៉េខាងត្បូង លោក ស្ដូលធិនបឺគ បានលើកឡើងពីប្រទេសអាល្លឺម៉ង់ ស៊ុយអែត និងន័រវែស មកធ្វើជាឧទាហរណ៍ដោយបញ្ជាក់ថា ប្រទេសទាំងនេះក៏ធ្លាប់មានគោលនយោបាយដូចជាកូរ៉េខាងត្បូងដែរ តែបច្ចុប្បន្ន ពួកគេបានផ្លាស់ប្ដូររួចទៅហើយដោយបញ្ជូនអាវុធឱ្យអ៊ុយក្រែន។ «ប្រសិនបើពួកយើងមិនចង់ឃើញ របបផ្ដាច់ការឈ្នះ នោះអ៊ុយក្រែនត្រូវការអាវុធជាចាំបាច់ ហើយនេះគឺជាការពិត»។ នេះជាគូសបញ្ជាក់របសលោក ស្ដូលធិនបឺគ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើងមក ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានប្រកាន់ជំហរថារដ្ឋាភិបាលរបស់លោកនឹងមិនបញ្ជូនអាវុធដែលអាច សម្លាប់ជីវិតមនុស្សឱ្យអ៊ុយក្រែននោះទេ ដោយសំអាងលើច្បាប់របស់ប្រទេស។ ប៉ុន្តែ ព្រមពេលជាមួយកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងលក់អាវុធដូចជារថក្រោះ យន្ដហោះចម្បាំង និងអាវុធដទៃជាច្រើនជាមួយប្រទេសជាសមាជិក NATO​ ដូចជាប៉ូឡូញជាដើម៕