(សេអ៊ូល)៖ កូរ៉េខាងជើង បានថ្កោលទោសដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ NATO លោក Jens Stoltenberg នៅកូរ៉េខាងត្បូង ដោយចាត់ទុកថាវាជាការចាប់ផ្ដើមនៃការប្រឈមមុខដាក់គ្នា និងសង្រ្គាម ដែលអាចនឹងបង្កឱ្យមានសង្រ្គាមត្រជាក់ថ្មីមួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

នៅក្នុងអត្ថបទមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃចន្ទនេះ លោក គីម តុងម្យុង (Kim Tong-myong) ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថានស្ដីពីការសិក្សានយោបាយអន្តរជាតិ របស់កូរ៉េខាងជើងបាននិយាយថាដំណើរទស្សនកិច្ចរបស់លោក Jens Stoltenberg មកកាន់តំបន់អាស៊ីភាគឦសាន គឺមានគោលដៅបញ្ចុះបញ្ចូលក្នុងការបង្កើតបក្សសម្ព័ន្ធយោធា NATO អាស៊ី។ លោក គីម តុងម្យុង បានគូសបញ្ជាក់ដូច្នេះថា «ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការ NATO មកកាន់កូរ៉េខាងត្បូង និងជប៉ុន គឺជាការចាប់ផ្ដើមនៃការប្រឈមមុខដាក់គ្នា និងសង្រ្គាម ដែល អាចនឹងនាំនូវពពកដ៏ខ្មៅងងឹតនៃសង្រ្គាមត្រជាក់ថ្មីមួយមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក»

គួរបញ្ជាក់ថា លោក Jens Stoltenberg បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ សម្រាប់ការបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកូរ៉េខាងត្បូង មុននឹងបន្ត បំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន។ នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក Stoltenberg ក៏បានរិះគន់ផងលើចំពោះការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង និងការផ្ដល់ការគាំទ្រដល់រុស្ស៉ី ក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន៕