(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បាននិយាយក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះថា វារឿងអាចទៅរួច ដែលសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិក នឹងចប់តែម្តងនៅក្រោយឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បានប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA ក្នុងបទសម្ភាសន៍នោះថា «នេះគឺជាសេណារីយ៉ូដែលអាចកើតមានទៅរួច» ដោយលោកចង់សំដៅលើ ការបញ្ចប់សន្ធិសញ្ញា New START នៅក្រោយឆ្នាំ២០២៦ កិច្ចពិភាក្សារវាងរុស្ស៉ី និងសហរដ្ឋអាមេរិកស្តីពីសកម្មភាពធ្វើអធិការកិច្ច នៅក្រោមសន្ធិសញ្ញា New START ដែលនឹងត្រូវផុតកំណត់​នៅត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ត្រូវបានលុបចោលកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ខណៈភាគីទាំងសងខាង ពុំទាន់ឯកភាពគ្នាលើកាលបរិច្ឆេទថ្មី ដើម្បីចាប់ផ្តើមការពិភាក្សាឡើងវិញ នៅឡើយទេ។

គួរបញ្ជាក់ថា សន្ធិសញ្ញាខាងលើដាក់កំហិត ចំនួននៃអាវុធនុយក្លេអ៊ែរដែលរុស្ស៉ីនិងអាមេរិក អាចដាក់ពង្រាយបាន។ វាត្រូវបាន​បន្តសុពលភាព កាលពីដើមឆ្នាំ២០២១ សម្រាប់រយៈពេល៥ឆ្នាំ ដូច្នេះហើយក្នុងនាពេលឆាប់ៗ ប្រទេសទាំងពីរទំនងជានឹងត្រូវចាប់ផ្តើមការ​ចរចាលើ កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មីមួយផ្សេងទៀត។ នៅក្រោមសន្ធិសញ្ញា New START ទីក្រុងវ៉ាស៉ីនតោន​និងទីក្រុងមូស្គូ គឺអាចចុះត្រួតពិនិត្យ កន្លែងផ្ទុកអាវុធនុយក្លេអ៊ែររបស់ភាគីម្ខាងៗបាន ប៉ុន្តែដោយសារតែវិបត្តិកូវីដ១៩ផ្ទុះឡើងមក ការងារនេះត្រូវបានផ្អាកចាប់តាំងពីឆ្នាំ២០២០៕