(សេអ៊ូល)៖ លទ្ធផលស្ទង់មតិមួយបានបង្ហាញនៅថ្ងៃចន្ទនេះថា ប្រជាជនកូរ៉េខាងត្បូង៧នាក់ ក្នុងចំណោម១០នាក់ បានមើលឃើញ​ភាពចាំបាច់ដើម្បីឱ្យទីក្រុងសេអ៊ូល ត្រូវមានកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ចំពោះមុខក្តីបារម្ភជុំវិញភាពតានតឹងជាមួយ​កូរ៉េខាងជើង ព្រមទាំងការខ្វះទំនុកចិត្តនៅក្នុងកិច្ចប្រឹងប្រែងចរចា ដើម្បីរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

យោងតាមការស្ទង់មតិថ្មីខាងលើធ្វើឡើងដោយវិទ្យាស្ថាន Chey Institute for Advanced Studies អ្នកចូលរួម៧៦.៦ភាគរយ បានឆ្លើយថាកូរ៉េខាងត្បូង ចាំបាច់ត្រូវអភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយខ្លួនឯង ដើម្បីទប់ទល់ជាមួយនឹងការគំរាមកំហែងកាន់តែកើនឡើង នៃអាវុធនុយក្លេអ៊ែររបស់​កូរ៉េខាងជើង និងដើម្បីរារាំងសកម្មភាពបង្កហេតុផ្សេងៗ។

ចំណែកឯ៧៧.៦ភាគរយ បានយល់ឃើញថា ការខិតខំដើម្បីរំសាយអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង គឺជារឿងមិនអាចទៅរួចទេ ខណៈ៧៨.៦ភាគរយ បាននិយាយថា ទីក្រុងព្យុងយ៉ាងទំនងជានឹងធ្វើតេស្តបំផ្ទុះអាវុធនុយក្លេអ៊ែរជាលើកទី៧ នាពេលខាងមុខ។ រីឯ៧២.៤ភាគរយ បានបង្ហាញជំនឿចិត្តថា ប្រទេសកូរ៉េខាងត្បូងមានសមត្ថភាពគ្រប់គ្រាប់ ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរបានដោយខ្លួនឯង។

គួរបញ្ជាក់ថា ជាចុងក្រោយ អ្នកចូលរួមស្ទង់មតិប្រមាណ ៥១.៣ភាគរយ បានលើកឡើងថា ពួកគេជឿជាក់ថា សហរដ្ឋអាមេរិក នឹងជួយការពារកូរ៉េខាងត្បូង តាមរយៈការបញ្ជូនសព្វាវុធគ្រប់ប្រភេទ រួមមានទាំងអាវុធនុយក្លេអ៊ែរនិងអាវុធធម្មតា ព្រមទាំងប្រព័ន្ធ​ការពារមីស៉ីល មកកាន់ឧបទ្វីបកូរ៉េ ក្នុងករណីមានគ្រោះអាសន្នកើតឡើង៕