(ឡុងដ៍)៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមវាយប្រហារដោយផ្ទាល់ទៅលើរូបលោក ជាមួយនឹងការវាយប្រហារដោយមីស៊ីល មុនពេលបញ្ជាកងទ័ពរុស្ស៊ីចូលទៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

ការគំរាមកំហែងជាក់ស្តែងបានកើតឡើង នៅក្នុងការហៅទូរសព្ទមុនពេលការលុកលុយថ្ងៃទី២៤ ខែកុម្ភៈ នេះបើយោងតាមឯកសារថ្មីរបស់ទូរទស្សន៍ BBC ដែលបានចាក់ផ្សាយនៅថ្ងៃចន្ទនេះ។

លោក ចនសុន បាននិយាយដោយដកស្រង់សម្តី លោក ពូទីន ថា «គាត់បានគំរាមខ្ញុំនៅពេលមួយ ដោយនិយាយថា បូរីស ខ្ញុំមិនចង់ធ្វើឱ្យអ្នកឈឺចាប់ទេ ប៉ុន្តែជាមួយនឹងមីស៊ីល វានឹងចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ (ដើម្បីកម្ចាត់អ្នក)»។

ឯកសាររបស់ BBC បង្ហាញទៀតថា មានការបែកបាក់កាន់តែខ្លាំងឡើង រវាងការដឹកនាំរបស់រុស្ស៊ី និងលោកខាងលិចក្នុងប៉ុន្មានឆ្នាំចុងក្រោយ​ ដែលនាំទៅដល់ការឈ្លានពានអ៊ុយក្រែន។

ឯកសារនេះក៏បានឆ្លុះបញ្ចាំងពីមហិច្ចតារបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ដែលចង់ចូលរួមជាមួយអង្គការណាតូ មុនការវាយប្រហាររបស់រុស្ស៉ីផងដែរ៕