(វ៉ាស៊ីនតោន)៖ ក្រុមអ្នកវិភាគលោកខាងលិចមួយចំនួនបាននិយាយថាសង្រ្គាមឈ្លានពានរបស់លោក ពូទីន នៅអ៊ុយក្រែន បាន និងកំពុងធ្វើឱ្យឥទ្ធិពលរបស់រុស្ស៉ីថមថយចុះ មិនត្រឹមតែនៅតំបន់អឺរ៉ុប ប៉ុណ្ណោះទេ សូម្បីតែនៅក្នុងតំបន់អាស៊ីកណ្ដាលក៏ដូច្នោះដែរ រហូតដល់មានការសន្និដ្ឋានថារុស្ស៉ីអាចនឹងបាត់បង់តំបន់នេះទៅឱ្យចិនថែមទៀតផង។ ទំនាក់ទំនងរវាងចិន និងរុស្ស៉ី នៅក្នុងតំបន់អាស៊ីកណ្ដាល ជាទូទៅត្រូវបានគេហៅថា «ជាការបែងចែកការងារគ្នាធ្វើ»។ បានន័យថាចិនដើរតួនាទីសំខាន់ក្នុងនាមជាដៃគូសេដ្ឋកិច្ច និងអ្នកវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រីឯរុស្ស៉ីវិញដើរតួនាទីជាបងធំខាង នយោបាយ និងសន្តិសុខ។

ប៉ុន្តែចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក មានការលើកឡើងជាច្រើនថាចិនកំពុងឆ្លៀតឱកាសពង្រីកឥទ្ធិពលដណ្ដើមតំបន់អាស៊ីកណ្ដាលពីរុស្ស៉ី។ ទស្សនៈយល់ឃើញបែបនេះគឺផ្អែកលើស្ថានការណ៍ វិវត្តមួយចំនួន តួយ៉ាងដូចជាការរក្សាជំហរអព្យាក្រឹតរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល ចំពោះសង្រ្គាមនៅអ៊ុយក្រែន ហើយគ្មានប្រទេសណាមួយក្នុងតំបន់នេះដែលបង្ហាញការគាំទ្រដល់លោក ពូទីន ជុំវិញការកាត់យកតំបន់ចំនួន៤របស់អ៊ុយក្រែន បញ្ចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៉ីនោះទេ។ នៅឯវេទិការសេដ្ឋកិច្ចសាំង ភីតធឺស្បឺគ កាលពីខែមិថុនា ឆ្នាំ២០២២ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក កាស់ស៊ីម ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បានច្រានចោលការអំពាវនាវរបស់រុស្ស៉ី ពាក់ព័ន្ធនឹងការទទួលស្គាល់ក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ីនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ហើយលើសពីនេះទៅទៀត កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថានបានប្រកាសទទួលស្គាល់បូរណភាពទឹកដីអ៊ុយក្រែន និងថែមទាំងបានសន្យាថាផ្ដល់ជំនួយមនុស្សធម៌ដល់ទីក្រុងកៀវផងដែរ។

ព្រឹត្តិការណ៍ដែលបានកើតឡើងទាំងនេះត្រូវបានគេលើកយកមកធ្វើជាឧទាហរណ៍នៃការថមថយចុះឥទ្ធិពលរបស់រុស្ស៉ី នៅក្នុងតំបន់អាស៊ីកណ្ដាល ស្របពេលដែលចិនបង្កើនយុទ្ធនាការការទូត និងសេដ្ឋកិច្ច ដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់។ តែទោះជាបែបនេះក្ដី ចិន ក្នុងរយៈពេលខ្លី ឬមធ្យម មិនអាចមានសមត្ថភាពជំនួសកន្លែងរុស្ស៉ី ហើយទីក្រុងប៉េកាំងក៏មិនមានបំណងធ្វើបែបនេះដែរ។ ដូច្នេះដើម្បីអាចសាកល្បង យល់ថាតើហេតុអ្វីបានជាតំបន់អាស៊ីកណ្ដាលនឹងមិនងាយរបូតពីដៃរុស្ស៉ី គេគួរតែស្វែងយល់ថាតើប្រទេសក្នុងតំបន់ត្រូវការអ្វីពីរុស្ស៉ី ហើយរុស្ស៉ីអាចផ្ដល់អ្វីត្រឡប់ទៅវិញ និងមហិច្ឆតារបស់ចិនជាមុនសិន។

ពិតណាស់ ទោះបីជាមានភស្ដុតាងជាច្រើនបង្ហាញថាឥទ្ធិពលរបស់រុស្ស៉ីនៅក្នុងតំបន់អាស៊ីកណ្ដាលកំពុងថយចុះក៏ពិតមែន ក៏បណ្ដាលប្រទេសអាស៊ីកណ្ដាល ក្នុងរយៈពេលខ្លី ឬមធ្យមនៅតែត្រូវពឹងផ្អែកលើរុស្ស៉ី ជាចាំបាច់ទាំងពាណិជ្ជកម្ម និងជាពិសេសនោះគឺការធានាសន្តិសុខតែម្ដង។ និយាយពីពាណិជ្ជកម្មអំឡុងសង្រ្គាមអ៊ុយក្រែន ទំនាក់ទំនងពាណិជ្ជកម្មរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល និងរុស្ស៉ី នៅពីក្រោយឆាកនៅតែមានភាពល្អប្រសើរដដែល។ ជាឧទាហរណ៍ ទំនាក់ទំនងពាណិជ្ជកម្មរបស់រុស្ស៉ីជាមួយប្រទេសអ៊ូសបេគីស្ថាន គិតត្រឹមពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២ កើនឡើង ៣៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ខណៈទំហំពាណិជ្ជកម្មជាមួយកៀហ្ស៉ីស៊ីស្ថាននៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២ បានកើនឡើង៤២ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០២១។

មិនតែប៉ុណ្ណោះ រុស្ស៉ីក៏បានបង្កើនការនាំចូលផលិតនានាមកពីតំបន់អាស៊ីកណ្ដាលផងដែរ ដោយសារតែមិនអាចចូលទៅកាន់ទីផ្សារអឺរ៉ុប។ ក្រៅពីនេះប្រទេសក្នុងតំបន់អាស៊ីកណ្ដាលអាចរកចំណូលបាន យ៉ាងច្រើន ពីពលករចំណាកស្រុករបស់ខ្លួននៅរុស្ស៉ី ក្នុងនោះកៀហ្ស៉ីស៊ីស្ថាន និងតាហ្ស៉ីគីស្ថានពឹងផ្អែកលើរុស្ស៉ីខ្លាំងជាងគេនៅក្នុងវិស័យនេះ។ បើតាមធនាគារពិភពលោក ការផ្ញើប្រាក់ពីពលករកៀហ្ស៉ីស៊ីស្ថាន ទៅកាន់ស្រុកកំណើតរបស់ពួកគេ ក្នុងឆ្នាំ២០២១ ស្មើនឹង ៣៣ភាគរយ GDP នៃប្រទេស ខណៈនៅតាហ្ស៉ីគីស្ថានមាន ៣៤ភាគរយនៃ GDP។ ប្រទេសក្នុងតំបន់អាស៊ីកណ្ដាលពឹងផ្អែកលើការនាំចូលទំនិញពី រុស្សីដែរដោយជិត ៤០ភាគរយនៃស្បៀងអាហារ និងសម្លៀកបំពាក់នៅក្នុងប្រទេសកាហ្សាក់ស្ថានមានប្រភពមកពីរុស្ស៉ី ខណៈរុស្ស៉ីជាដៃគូនាំចូលធំបំផុតរបស់កៀហ្ស៉ីស៊ីស្ថាន និងធំលំដាប់ទី២ សម្រាប់ តាហ្ស៉ីគីស្ថាន។ ប្រទេសក្នុងតំបន់អាស៊ីកណ្ដាល ក៏ពឹងផ្អែកខ្លាំងដែរលើការនាំចូលស្ករស និងស្រូវសាលី ដោយគ្រាន់តែរុស្ស៉ីសម្រេចចិត្តហាមឃាត់ការនាំចេញគ្រាប់ ធញ្ញជាតិទៅកាន់សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (Eurasian Economic Union) វាបានធ្វើឱ្យមានឱនភាពគ្រាប់ធញ្ញជាតិ និងការកើនឡើងតម្លៃនៅក្នុងតំបន់អាស៊ីកណ្ដាល ហើយដែលនេះបង្ហាញថាតំបន់នេះពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលស្បៀងអាហារពី រុស្ស៉ី។

បន្ថែមពីលើនេះ ៨ភាគរយនៃការនាំចេញ និងការនាំចូលរបស់អ៊ូសបេគីស្ថាន គឺត្រូវឆ្លងកាត់តាមទឹកដីរុស្ស៉ី ហើយ៨០ភាគរយនៃការនាំចេញប្រេងរបស់កាហ្សាក់ស្ថានត្រូវហូរកាត់តាមបំពង់បង្ហូរក្រោមសមុទ្រ Caspian ទៅកាន់ស្ថានីយ៍ក្នុងទីក្រុងកំពង់ផែរុស្ស៉ី Novorossiysk ក្នុងតំបន់សមុទ្រខ្មៅ។ ក្រៅតែពីកត្តាសេដ្ឋកិច្ច អំណាចស្រទន់របស់រុស្ស៉ី ក៏នៅតែខ្លាំងជាងចិនដែរ។ តួយ៉ាង ភាសារុស្ស៉ីនៅតែត្រូវបានប្រើ យ៉ាងទូលំទូលាយសម្រាប់ប្រជាជនក្នុងតំបន់អាស៊ីកណ្ដាល។ ប៉ុន្តែ អ្វីដែលរឹតតែសំខាន់ទៅទៀតនោះ គឺទោះជាកេរ្តិ៍ឈ្មោះរុស្ស៉ីកំពុងធ្លាក់ចុះក៏ពិតមែន តែទីក្រុងមូស្គូនៅតែជាអ្នកផ្ដល់ និងធានាសន្តិសុខដ៏សំខាន់ នៅក្នុងតំបន់ ហើយប្រទេសអាស៊ីកណ្ដាលត្រូវការរុស្ស៉ីជាចាំបាច់ក្នុងនាមជាអ្នកធានាសន្តិសុខព្រំដែនភាគខាងត្បូងនៃតំបន់អាស៊ីកណ្ដាលរបស់ពួកគេ ដូចជាការទប់ស្កាត់ការរីកសាយភាយនៃមនោគមន៍ ជ្រុលនិយមនៅក្នុងតំបន់ ជាដើម។ ការដាក់ពង្រាយទាហានរុស្ស៉ី នៅក្រោមក្របខណ្ឌអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព CSTO ដើម្បីទប់ស្កាត់បាតុកម្មតវ៉ា នៅក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីខែមករា ឆ្នាំ២០២២ និងការលូកដៃដោយផ្ទាល់ខាងទូតពីរុស្ស៉ី បញ្ឈប់សង្រ្គាមរវាងតាហ្ស៉ីគីស្ថាន និងកៀហ្ស៉ីស៊ីស្ថាន ក្រោយយន្ដការដោះស្រាយបញ្ហាតាមរយៈ CSTO គ្មានប្រសិទ្ធភាព បានបង្ហាញយ៉ាងច្បាស់ថារុស្ស៉ី នៅតែមានឥទ្ធិពលលើឥស្សរជននយោបាយធំៗនៅក្នុងតំបន់អាស៊ីកណ្ដាល។

ដោយឡែក បើនិយាយពីចិនវិញ។ ចិនក៏កំពុងបង្កើនវត្តមានសន្តិសុខរបស់ខ្លួននៅក្នុងតំបន់អាស៊ីកណ្ដាលដែរ តាមរយៈទំនាក់ទំនងទ្វេភាគី និងតាមក្របខណ្ឌអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។ ចិនមាន ជំរំយោធាមួយនៅក្នុងប្រទេសតាហ្ស៉ីគីស្ថាន នៅជាប់ព្រំដែនជាមួយអាហ្វហ្កានីស្ថាន ហើយកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ចិនត្រូវបានគេរាយការណ៍ថាបានប្រើប្រាស់សេវាក្រុមហ៊ុនសន្តិសុខឯកជន ក្នុងការការពារ ផលប្រយោជន៍ជាតិរបស់ខ្លួននៅក្នុងតំបន់អាស៊ីកណ្ដាល។ ក៏ប៉ុន្តែ ការបង្កើនវត្តមានសន្តិសុខនេះ គឺចិនមានបំណងជួយពង្រឹងសមត្ថភាពអាជ្ញាធរនៅក្នុងតំបន់ដើម្បីទប់ស្កាត់ការកើនឡើងមនោគមន៍វិជ្ជាជ្រុលនិយម ឬភេរវកម្មកុំឱ្យធ្លាយចូលដល់ទឹកដីចិន ដូចជាតំបន់ស៊ីនជាំងតែប៉ុណ្ណោះ។ ចិនមិនមានបំណងពង្រីកវត្តមានសន្តិសុខនៅក្នុងតំបន់អាស៊ីកណ្ដាលនោះទេ ផ្ទុយទៅវិញទីក្រុងប៉េកាំងជ្រើសរើសយកការបង្កើនឥទ្ធិពល សេដ្ឋកិច្ច និងបច្ចេកវិទ្យាជំនួសវិញ។

សម្រាប់ចិន ចិនសុខចិត្តរើសយកការសហការ ជាជាងប្រកួតប្រជែងដំណ្ដើមឥទ្ធិពលខាងសន្តិសុខពីរុស្ស៉ី ហើយការរក្សាភាពស្ងប់ស្ងាត់របស់ចិនចំពោះជម្លោះព្រំដែនរវាងតាហ្ស៉ីគីស្ថាន និងកៀហ្ស៉ីស៊ីស្ថាន ព្រមទាំង ការធ្លាក់ចុះដុនដាននៃស្ថានភាពសន្តិសុខនៅក្នុងតំបន់ Gorno-Badakhshan ជាប់ព្រំដែនអាហ្វហ្កានីស្ថានជាទីដែលចិនមានជំរំយោធាស្រាប់ផងនោះ អាចបញ្ជាក់បានថាទីក្រុងប៉េកាំងនៅតែស្ទាក់ស្ទើរ ក្នុងការដើរតួនាទីជាអ្នកធានាសន្តិសុខក្នុងតំបន់អាស៊ីកណ្ដាល។

ដូច្នេះសរុបមកវិញ ទោះជារុស្ស៉ីកំពុងថមថយចុះឥទ្ធិពល រីឯឥទ្ធិពលចិនកំពុងកើនឡើងក្នុងតំបន់អាស៊ីកណ្ដាលក៏ដោយ ក៏ទីក្រុងមូស្គូនៅតែជាតួអង្គសំខាន់ទាំងខាងសេដ្ឋកិច្ច និងសន្តិសុខ នៅក្នុងតំបន់ដដែល។ ជាងនេះទៅទៀត រុស្ស៉ីអាចនឹងកាន់តែពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់នេះ ដោយសារតែសង្រ្គាមឈ្លានពានអ៊ុយក្រែន ធ្វើឱ្យទំនាក់ទំនងជាមួយអឺរ៉ុបដើរដល់ផ្លូវពិបាកនឹងបកក្រោយវិញ។ ចំណែកឯចិន ទោះជា កំពុងពង្រីកឥទ្ធិពលតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចទេភាគី និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក៏ពិតមែន ក៏ក្នុងរយៈពេលខ្លី ឬមធ្យម ចិនមិនសមត្ថភាពជំនួសកន្លែងរុស្ស៉ី ហើយទីក្រុងប៉េកាំងក៏មិនមាន បំណងធ្វើបែបនេះដែរ ព្រោះថាបើមានជម្លោះជាមួយរុស្ស៉ី ដោយសារតែការដណ្ដើមឥទ្ធិពលគ្នាក្នុងតំបន់អាស៊ីកណ្ដាល វានឹងក្លាយជាផលវិបាករយៈពេលវែងសម្រាប់ចិនដែលកំពុងត្រូវការរុស្ស៉ីជាចាំបាច់ក្នុង នាមជាដៃគូ ដើម្បីទប់ទល់ជាមួយលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក។ ណាមួយ ប្រទេសក្នុងតំបន់អាស៊ីកណ្ដាលខ្លួនឯង ក៏ប្រហែលជាពេញចិត្តនឹងគោលនយោបាយជម្រើសច្រើនដែរ។ នៅក្នុងបរិបទនេះ ការបង្កើនការចូលរួមរបស់អាមេរិក និងសហភាពអឺរ៉ុប រួមទាំងប្រទេសអឺរ៉ុបជាមួយតំបន់អាស៊ីកណ្ដាលអាចនឹងកាន់តែបង្កើនបញ្ហាប្រឈមសម្រាប់ចិនក្នុងការពង្រីកឥទ្ធិពលនៅក្នុងតំបន់នេះ៕