(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសហរដ្ឋអាមេរិក នឹងមិនផ្ដល់យន្ដហោះចម្បាំង F-16 ដែលអ៊ុយក្រែនកំពុងទទូចចង់បាន ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៉ីនោះទេ ខណៈកងកម្លាំងរុស្ស៉ីបានអះអាងពីជ័យជម្នះនៅលើសមរភូមិភាគខាងកើតនៃប្រទេស ជាបន្តបន្ទាប់នារយៈពេលប៉ុន្មាន ថ្ងៃចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

អ៊ុយក្រែន បច្ចុប្បន្នកំពុងទទូចស្នើសុំឱ្យលោកខាងលិច បញ្ជូនយន្ដហោះចម្បាំងជំនាន់ទី៤ តួយ៉ាងដូចជាយន្ដហោះចម្បាំង F-16 មកឱ្យទាហានរបស់ខ្លួន បន្ទាប់ពី ទទួលបានការសន្យាផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់រាប់រយគ្រឿងកាលពីសប្ដាហ៍មុន។ ប៉ុន្តែ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅឯសេតវិមានថាតើសហរដ្ឋអាមេរិកនឹងផ្ដល់យន្ដហោះចម្បាំងឱ្យទីក្រុងកៀវ ដែរឬទេ? លោក ចូ បៃដិន បានឆ្លើយយ៉ាងខ្លីថា «ទេ»

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានព្រមានជាច្រើនសប្ដាហ៍មកហើយថាទីក្រុងមូស្គូអាចនឹងបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំថ្មី មួយនៅក្នុងខែកុម្ភៈ ឬនៅខែមីនាខាងមុខនេះ ហើយបានទទូចស្នើសុំឱ្យលោកខាងលិចបញ្ជូនអាវុធទំនើបៗមកបន្ថែម ក៏ដូចជាឆាប់បញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងរ មកឱ្យទាហានរបស់លោកផងដែរ៕