(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាការសងសឹកទ្រង់ទ្រាយធំរបស់រុស្ស៉ីបានចាប់ផ្ដើមហើយ បន្ទាប់ពីសង្រ្គាមឈ្លានពាន ជាប់គាំងអស់រយៈពេលជាង២ខែមកនេះនៅឯសមរភូមិភាគខាងត្បូង និងភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងកំពង់ផែអូដេសា (Odesa) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ប្រធានាធិបតីអ៊ុយក្រែន រូបនេះបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថារុស្ស៉ីពិតជាចង់ធ្វើការសងសឹកដ៏ធំមួយ។ ខ្ញុំគិតថាពួកគេបានចាប់ផ្ដើមការសងសឹកនេះហើយ ដោយជារៀងរាល់ថ្ងៃ ពួកគេ បានបង្កើនចំនួនកងទ័ព ហើយយើងក៏កំពុងឃើញផងដែរពីការកើនឡើងនៃចំនួនទាហានស៊ីឈ្នួលរបស់ក្រុមហ៊ុន Wagner»

គួរបញ្ជាក់ថា បើតាមវិទ្យាស្ថានសម្រាប់ការសិក្សាពីសង្រ្គាម មានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក បរាជ័យរបស់លោកខាងលិចក្នុងការបញ្ជូនបរិក្ខារចាំបាច់នានាកាលពី ឆ្នាំ២០២២ គឺជាមូលហេតុចម្បងដែលធ្វើឱ្យភាពជឿនលឿនទៅមុខនៃប្រតិបត្តិការវាយបករបស់ទីក្រុងកៀវ ថមថយសន្ទុះចាប់តាំងពីខែវិច្ឆិកាមកម្ល៉េះ។ វិទ្យាស្ថាននេះ ដដែលបានបន្ថែមដែរថាកត្តានេះឯងបានអនុញ្ញាតឱ្យរុស្ស៉ីបង្កើនការដាក់សម្ពាធលើទីក្រុងបាកមូត (Bakhmut) និងពង្រឹងទីតាំងប្រឆាំងនឹងការវាយលុកពីទាហាន អ៊ុយក្រែន ប៉ុន្តែ អ៊ុយក្រែននឹងនៅតែអាចវាយដណ្ដើមបានទឹកដីមកវិញ នៅពេលដែលអាវុធដែលលោកខាងលិចសន្យាផ្ដល់ឱ្យត្រូវបានបញ្ជូនដល់ដៃទាហានអ៊ុយក្រែន៕