(ព្រុចសែល)៖ ក្រុមមន្ត្រីប៊ែលហ្សិក បាននិយាយថា មនុស្សចំនួន ៣នាក់បានរងរបួស ដោយម្នាក់របួសធ្ងន់នៅក្នុងការវាយប្រហារដោយកាំបិត កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅឯស្ថានីយ៍រថភ្លើងក្រោមដី ស្ថិតនៅក្បែរទីស្នាក់ការកណ្តាលសហភាពអឺរ៉ុប (EU) ក្នុងទីក្រុងប្រ៊ុចសែល ហើយជនសង្ស័យត្រូវបានចាប់ខ្លួន។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

ចៅហ្វាយក្រុងព្រុសែល លោក ហ្វីលីព ក្លូស (Philippe Close) បាននិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួនភ្លាមៗដោយប៉ូលិស ប្រចាំការនៅស្ថានីយ៍រថភ្លើងក្រោមដីស៊ូមែន (Schuman)។ ហេតុការណ៍នេះបានកើតឡើងនៅចំពេលដ៏មាមាញឹក វេលាម៉ោង ៦ល្ងាច (ម៉ោងក្នុងតំបន់)។ ប៉ូលិសបានឲ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមអ្នករងគ្រោះ គឺបានរងរបួសធ្ងន់ធ្ងរ ហើយតាមការសន្និដ្ឋានបឋម ជនសង្ស័យអាចជាមនុស្សដែលមានបញ្ហាផ្លូវចិត្ត។

តាមរយៈបណ្តាញសង្គម Twitter ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាល មីឆែល (Charles Michel) បានថ្លែងអំណរគុណដល់ប៉ូលិសនៅក្នុងតំបន់ និងចូលរួមសោកស្តាយ ជាមួយជនរងគ្រោះ៕