(តូក្យូ)៖ អគ្គលេខាធិការនៃអង្គការណាតូ (NATO) លោក ជេន ស្តូលថិនបឺគ (Jens Stoltenberg) បាននិយាយនៅថ្ងៃអង្គារនេះថា NATO នឹងបន្តពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសជប៉ុន ចំពោះមុខសង្រ្គាមអូសបន្លាយនៅអ៊ុយក្រែន ខណៈរូបលោកកំពុងស្ថិតក្នុងទីក្រុងតូក្យូ ជាទីដែលលោកនឹងត្រូវជួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី៣១ ខែមករា ឆ្នាំ២០២៣។

ក្នុងសុន្ទរកថាមួយ កំលុងទស្សនកិច្ចនៅមូលដ្ឋានទ័ពអាកាស អ៉ីរុម៉ា (Iruma) របស់កងកម្លាំងស្វ័យការពារជប៉ុន លោក ស្តូលថិនបឺគ បានបន្ថែមថា «សង្រ្គាមនៅអ៊ុយក្រែនគឺជារឿងសំខាន់ចំពោះយើងទាំងអស់គ្នា ដូច្នេះហើយពួកយើងក៏ដឹងគុណផងដែរ សម្រាប់ការ​គាំទ្រក្នុងទម្រង់ផ្សេងៗ របស់ជប៉ុន»

ដំណើរទស្សនកិច្ចរបស់លោក ស្តូលថិនបឺគ ដែលមានរួមមានការឈប់នៅកូរ៉េខាងត្បូងផងដែរនោះ គឺមានគោលដៅពង្រឹងទំនាក់​ទំនង ជាមួយសម្ព័ន្ធមិត្តរបស់លោកខាងលិចនៅតំបន់អាស៉ី ចំពោះមុខសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ក៏ដូចជាកំណើននៃ​ការប្រកួតប្រជែង ឥទ្ធិពលជាមួយចិន។

គួរបញ្ជាក់ថា ថ្លែងនៅទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទ លោកប្រមុខ NATO បានទទូចឱ្យកូរ៉េខាងត្បូង បង្កើនការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន ជាមួយការលើកឡើងថា ប្រទេសជាច្រើនបាននាំគ្នាផ្លាស់ប្តូរគោលការណ៍ ស្តីពីការមិនបញ្ជូនអាវុធឱ្យប្រទេសដទៃក្នុងពេល​មានជម្លោះ បន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង៕