(ញូដេលី)៖ ប្រទេសឥណ្ឌានៅថ្ងៃចន្ទសប្តាហ៍នេះ បានបើកសម្ពោធរោងចក្រឧទ្ធម្ភាគចក្រដ៏ធំបំផុតរបស់ខ្លួន ដែលអាចផលិតបានឧទ្ធម្ភាគចក្រ យ៉ាងហោចណាស់ ១,០០០គ្រឿងក្នុងមួយឆ្នាំ ជាផ្នែកមួយនៃការជំរុញការពឹងផ្អែកខាងផ្នែកយោធាលើខ្លួនឯង ចំពោះមុខការកើនឡើងឥទ្ធិពលរបស់ចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីក្រុងញូដេលី ក៏ទើបនឹងបានប្រកាសអំពីការបង្កើនចំនួនថវិកាការពារជាតិប្រចាំឆ្នាំរបស់ខ្លួន កាលពីសប្តាហ៍មុនផងដែរ ជាមួយនិងការផ្តោតលើ គូប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួន ខណៈមានជម្លោះនៅតំបន់ព្រំដែនភាគខាងជើង។ កន្លងមក ឥណ្ឌាគឺជាប្រទេសនាំចូលអាវុធដ៏ធំបំផុតមួយ នៅក្នុងពិភពលោក ហើយទោះបីជាមានការជំរុញទៅរកការផលិតអាវុធក្នុងស្រុកក្តី ក៏ទីក្រុងញូដេលី នៅតែពឹងផ្អែកខ្លាំងលើទីក្រុងមូស្គូ ដែលជាអ្នកផ្គត់ផ្គង់ផ្នែកយោធាដ៏ធំ និងចំណាស់ជាងគេរបស់ខ្លួន។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានគូសបញ្ជាក់ថា «រោងចក្រឧទ្ធម្ភាគចក្រថ្មីនេះ គឺជាការបំពេញតាមការសន្យា របស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ឥណ្ឌាជាបណ្តើរៗ លើបរទេសសម្រាប់តម្រូវការផ្នែកការពារជាតិ។ ខ្ញុំសប្បាយចិត្តណាស់ ដែលអាវុធនិងប្រព័ន្ធការពាររាប់រយប្រភេទ រាប់ចាប់ពីកាំភ្លើងវាយប្រហារទំនើប រហូតដល់រថក្រោះ នាវាផ្ទុកយន្តហោះ ឧទ្ធម្ភាគចក្រ និងយន្តហោះដឹកជញ្ជូន ឥឡូវនេះកំពុងត្រូវបានផលិតនៅក្នុងប្រទេសឥណ្ឌា»

គួរបញ្ជាក់ថា ក្រៅតែជារោងចក្រឧទ្ធម្ភាគចក្រធំជាងគេនៅអាស៉ី ដែលនឹងផលិតឧទ្ធម្ភាគចក្រប្រភេទ Light Utility ហើយនោះ រោងចក្រមួយនេះ នឹងពង្រីកខ្លួនដើម្បីផលិតឧទ្ធម្ភាគចក្រពហុមុខងារផ្សេងទៀតផងដែរ។ វាមានទីតាំងនៅឯរដ្ឋកាណាតាកា (Karnataka) ភាគខាងត្បូងប្រទេស និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីទីក្រុងញូដេលី បង្ហាញឧទ្ធម្ភាគចក្រប្រយុទ្ធ ដែលផលិតក្នុងស្រុករបស់ខ្លួន ដែលត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់ នៅក្នុងតំបន់ដែលមានកម្ពស់ខ្ពស់ ដូចជាភ្នំហិម៉ាល័យ ជាដើម៕