(ប៉ារីស)៖ កូដកម្មថ្មីៗបានធ្វើឡើងនៅស្ថានីយ៍រថភ្លើង សាលារៀន និងរោងចក្រចម្រាញ់ប្រេង ក្នុងប្រទេសបារាំងនៅថ្ងៃអង្គារ ទី៧ កុម្ភៈនេះ ជុំវិញកំណែទម្រង់ប្រាក់សោធននិវត្តន៍ ដែលជំរុញដោយលោកប្រធានាធិបតី Emmanuel Macron។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

បាតុកម្មដែលគាំទ្រដោយសហជីពបានបន្តរហូតដល់ថ្ងៃទី០៣ ហើយ ចាប់តាំងពីថ្ងៃទី១៩ ខែមករា ដើម្បីសាកល្បងសន្ទុះនៃចលនាតវ៉ា ដែលបានប្តេជ្ញាបញ្ឈប់ លោក Macron ពីការបង្កើនអាយុចូលនិវត្តន៍។

លោក Macron បានដាក់ការបង្កើនអាយុចូលនិវត្តន៍ និងលើកទឹកចិត្តជនជាតិបារាំងឱ្យធ្វើការបន្ថែមទៀត ជាបេះដូងនៃយុទ្ធនាការបោះឆ្នោតឡើងវិញរបស់គាត់កាលពីឆ្នាំមុន ប៉ុន្តែការស្ទង់មតិប៉ាន់ស្មានថា មនុស្ស ២ភាគ២បានប្រឆាំងនឹងការផ្លាស់ប្តូរ។

កាលពីថ្ងៃចន្ទ កំឡុងសម័យប្រជុំសភាដ៏ចម្រោងចម្រះ សមាជិកសភាបានចាប់ផ្តើមពិភាក្សាអំពីកំណែទម្រង់នេះ ដែលនឹងបង្កើនអាយុចូលនិវត្តន៍ពេញលេញពី ៦២ឆ្នាំ ទៅ៦៤ឆ្នាំ និងបង្កើនចំនួនឆ្នាំការងារដែលចាំបាច់ ដើម្បីទទួលបានប្រាក់សោធនពេញលេញ។

ប៉ូលិសបាននិយាយថា បាតុកម្មកាលពីសប្តាហ៍មុនបានទាក់ទាញមនុស្ស ១.៣លាននាក់នៅទូទាំងប្រទេស ធៀបនឹង ១.១លាននាក់នៅក្នុងបាតុកម្មជុំទីមួយ កាលពីថ្ងៃទី១៩ ខែមករាកន្លងទៅ។ ដោយឡែក នៅថ្ងៃអង្គារនេះប៉ាន់ប្រមាណថា មានមនុស្សចន្លោះពី ៩០០,០០០នាក់ ទៅ ១.១លាននាក់ដែលបានចូលរួមបាតុកម្ម៕