(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថាខ្លួនបានយល់ព្រមលក់ប្រព័ន្ធមីស៊ីល HIMARS ចំនួន១៨គ្រឿង បូកបន្ថែមគ្រាប់រំសេវ ព្រមទាំងបរិក្ខារមួយចំនួនទៀតមានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារ ឱ្យប៉ូឡូញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិនៃសហរដ្ឋអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «ការអនុម័តការលក់អាវុធនេះនឹងជួយលើកកម្ពស់គោលដៅរបស់ប៉ូឡូញ ក្នុងការធ្វើបច្ចប្បន្នភាពសមត្ថភាព ក៏ដូចជានឹងពង្រឹងអន្តរប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃ»។ ទីភ្នាក់ងារមួយនេះបន្ថែមថា ប៉ូឡូញមានបំណងប្រើប្រាស់ប្រព័ន្ធមីស៊ីល HIMARS ដើម្បី ធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ព្រមទាំងពង្រីកសមត្ថភាព ដើម្បីពង្រឹងការការពារជាតិ និងកំញើញទប់ស្កាត់ការគំរាមកំហែងនានា។

គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីល HIMARS បានដើរតួនាទីយ៉ាងខ្លាំងដែលជួយអ៊ុយក្រែនក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី និងអាចដណ្ដើមបានទឹកដីរបស់ខ្លួនមកវិញ នៅលើសមរភូមិនាពេលកន្លងមក។ នៅក្រោយការអនុញ្ញាតលក់ប្រព័ន្ធមីស៊ីលនេះដោយក្រសួងការបរទេសអាមេរិក ទៅឱ្យប៉ូឡូញ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិនឹងត្រូវជូនដំណឹងបន្តទៅកាន់សភាជាតិទាំង២ នៃសហរដ្ឋអាមេរិក ដើម្បីអនុម័ត៕