(ឌូបៃ)៖ អ៉ីរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះបានសម្ញែងមូលដ្ឋានទ័ពអាកាសក្រោមដីមួយកន្លែងមានឈ្មោះថា «Eagle 44» ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកហៅថាជាមូលដ្ឋានទ័ពអាកាសក្រោមដីធំបំផុត មិនធ្លាប់មានសម្រាប់ស្ដុកទុកយន្ដហោះចម្បាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ អៀណា (IRNA) មូលដ្ឋានទ័ពអាកាសក្រោមដី «Eagle 44» នេះមានសមត្ថភាពស្ដុកទុក និងធ្វើប្រតិបត្តិការយន្ដហោះចម្បាំង ព្រមទាំងយន្ដហោះដ្រូន។ ប៉ុន្តែ ទីភ្នាក់ងារ សារព័ត៌មានដដែលនេះមិនបានបញ្ជាក់ពីទីតាំងរបស់មូលដ្ឋានទ័ពអាកាសក្រោមដីនេះឡើយ ដោយគ្រាន់តែដឹងថាវាជាមូលដ្ឋានទ័ពអាកាសក្រោមដីធំបំផុតដែលត្រូវបានសាងសង់ឡើងនៅក្រោមដីយ៉ាងជ្រៅ និងមានសារៈសំខាន់សម្រាប់យោធាអ៉ីរ៉ង់ ក្នុងការស្ដុក ក៏ដូចជាធ្វើប្រតិបត្តិការយន្ដហោះចម្បាំងបំពាក់ដោយមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយ។

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២២ យោធាអ៉ីរ៉ង់ ក៏ធ្លាប់បានសម្ញែងមូលដ្ឋានក្រោមដីមួយផ្សេងទៀតផងដែរ ដែលជាកន្លែងស្ដុកទុកយន្ដហោះដ្រូន ខណៈទីក្រុងតេហេរ៉ង់ កំពុងព្យាយាមការពារ ទ្រព្យសម្បត្តិយោធារបស់ខ្លួនពីការវាយប្រហារតាមផ្លូវអាកាសណាមួយពីគូសត្រូវនៅក្នុងតំបន់ តួយ៉ាងដូចជាអ៉ីស្រាអែលជាដើម។ អ៉ីស្រាអែលកាលពីពេលថ្មីៗនេះ ត្រូវបានក្រុមមន្ត្រីអាមេរិកអះអាងថាគឺជាអ្នក នៅពីក្រោយការវាយប្រហារលើមូលដ្ឋានយោធាមួយកន្លែងនៅលើទឹកដីអ៉ីរ៉ង់៕