(ឡុងដ៏)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak) នៅថ្ងៃអង្គារសប្តាហ៍នេះបានរុះរើគណៈរដ្ឋមន្ត្រី ដោយមាននូវការបំបែកក្រសួង និងបង្កើតក្រសួងថ្មីមួយចំនួនទៀត ដើម្បីឲ្យសមស្របទៅនឹងការសន្យារបស់លោកក្នុងការជំរុញសេដ្ឋកិច្ច កាត់បន្ថយតម្លៃថាមពល និងបង្កើនទំនុកចិត្តសម្រាប់គណបក្សរបស់លោកមុនពេលការបោះឆ្នោតឆ្នាំ២០២៤ មកដល់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ស៊ូណាក់ បានបង្កើតក្រសួងសន្តិសុខថាមពលថ្មីមួយ ដែលដឹកនាំដោយអតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ហ្រ្កាន់ សេប (Grant Shapps) ក៏ដូចជាក្រសួងចំនួន ៣ផ្សេងទៀត ដោយមួយផ្នែកផ្តោតលើវិទ្យាសាស្រ្ត និងការច្នៃប្រឌិត ដែលជាចំណង់ចំណូលចិត្តរបស់លោកផ្ទាល់។ ក្រសួងសន្តិសុខថាមពលថ្មីនេះ នឹងជួយឲ្យចក្រភពអង់គ្លេសទទួលបានថាមពលកាន់តែច្រើន ហើយចាប់ផ្តើមផលិតថាមពលស្អាត ថោកជាងមុន ដើម្បីជៀសវាងការឡើងថ្លៃដែលនាំឲ្យមនុស្សត្រូវចំណាយច្រើន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។

តាមរយៈបណ្តាញ Twitter លោក ស៊ូណាក់ បានគូសបញ្ជាក់ថា «រដ្ឋាភិបាលចាំបាច់ត្រូវឆ្លុះបញ្ចាំងពីអាទិភាពរបស់ប្រជាជនអង់គ្លេស ដោយការព្យាយាមផ្តល់ឲ្យពួកគេ។ ការផ្លាស់ប្តូរទាំងនេះនឹងផ្តោតលើក្រុមដោះស្រាយបញ្ហា ដែលនឹងកសាងអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ»

គួរបញ្ជាក់ថា មេដឹកនាំអង់គ្លេស ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងមហាសេដ្ឋីដែលធ្លាប់ធ្វើការឲ្យអង្គការការពារហានិភ័យ រូបនេះ កំពុងព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលបានជាប់គាំងក្នុងអតិផរណាអស់រយៈពេលជាយូ ខណៈស្ថានភាពកាន់តែអាក្រក់ទៅៗដោយសារតម្លៃថាមពលកើនឡើង។ លោក ស៊ូណាក់ ក៏កំពុងព្យាយាមបង្ហាញថា ចក្រភពអង់គ្លេសអាចទទួលបានអត្ថប្រយោជន៍ពីការចាកចេញពីសហភាពអឺរ៉ុប (Brexit) តាមរយៈការបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មី ជាមួយដៃគូអន្តរជាតិ៕