(វ៉ាស៉ីនតោន)៖ សេតវិមាន នៅថ្ងៃពុធសប្តាហ៍នេះ បានច្រានចោលនូវរបាយការណ៍ថ្មីមួយរបស់អ្នកកាសែតស៊ើបអង្កេតជើងចាស់ គឺ លោក ស៉ីម័រ ហាស់ (Seymour Hersh) ដែលថាសហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំ២០២២។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងរបាយការណ៍ដែលបោះពុម្ពផ្សាយដោយខ្លួនឯង លោក ហាស់ បានសរសេរថា ក្រុមអ្នកមុជទឹករបស់កងទ័ពជើងទឹកអាមេរិកដែលជួយដោយប្រទេសន័រវែស បានបំពាក់គ្រឿងផ្ទុះនៅលើបំពង់បង្ហូរប្រេងដែលកំពុងដំណើរការនៅក្រោមសមុទ្របាល់ទិក រវាងប្រទេសរុស្ស៊ី និងអាល្លឺម៉ង់ កាលពីខែមិថុនា ហើយបានបំផ្ទុះវានៅរយៈពេល ៣ខែក្រោយមក។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោកស្រី អាន់ឌ្រៀន វ៉ាតសុន (Adrienne Watson) បានចាត់ទុករបាយការណ៍នេះថាជាការប្រឌិតទាំងស្រុង។ ដោយឡែក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកក៏បានគាំទ្រសេតវិមាន ដោយហៅរបាយការណ៍នេះថាជារឿងមិនពិតសុតសាធ។

គួរបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់រុស្ស៉ី ជុំវិញការផ្ទុះបំពង់ឧស្ម័ន Nord Stream កាលពីខែកញ្ញាកន្លងទៅ។ ប៉ុន្តែរហូតមកដល់ពេលនេះ ការស៊ើបអង្កេតរបស់អាជ្ញាធរស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់ មិនទាន់មានការដាក់បន្ទុកលើប្រទេស ឬបុគ្គលណាមួយនៅឡើយទេ៕