(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ហើយនិងអនុប្រធានាធិបតីលោក វីលៀម ឡៃ (William Lai) នឹងបរិច្ចាគប្រាក់ខែម្នាក់ ១ខែ សម្រាប់កិច្ចប្រឹងប្រែងជួយសង្រ្គោះនៅប្រទេសតួកគី ដែលបានទទួលរងការវាយប្រហារធ្ងន់ធ្ងរដោយមហន្តរាយរញ្ជួយដី ខណៈវាគឺបន្ថែមពីលើជំនួយ ដែលដែនកោះនេះបានប្រកាសផ្តល់ឱ្យរួចស្រាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «លោកស្រី សៃ និងលោក ឡៃ ចង់ចូលរួមចំណែកជួយតួកគីស្តារប្រទេសជាតិ​ឡើងវិញ ឱ្យបានឆាប់តាមតែអាចទៅរួច»។ កាលពីឆ្នាំ២០២២ លោកស្រី សៃ និងលោក ឡៃ ក៏បាននាំគ្នាបរិច្ចាគប្រាក់ខែ ដើម្បីជួយកិច្ចប្រឹងប្រែងមនុស្សធម៌​ សម្រាប់អ៊ុយក្រែន ដែលស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ីផងដែរ។ ក្នុងនាមជាប្រធានាធិបតី ប្រាក់ខែរបស់លោកស្រី សៃ អ៉ីងវិន គឺ១៣,៣០០ដុល្លារក្នុង១ខែ។

ក្នុងសប្តាហ៍នេះ រដ្ឋាភិបាលតៃវ៉ាន់បានប្រកាសផ្តល់ជំនួយសង្រ្គោះសរុប២លានដុល្លារ ហើយក៏បានបញ្ជូនក្រុមសង្រ្គោះ២ក្រុម ទៅកាន់ប្រទេសតួកគីថែមទៀតផង ដើម្បីជួយដល់កិច្ចប្រឹងប្រែងរុករកជនរងគ្រោះ ដែលនៅមានជីវិត។ កាលពីឆ្នាំ១៩៩៩ តួកគីបានចូលរួមក្នុងកិច្ចប្រឹងប្រែងអន្តរជាតិ ហើយបញ្ជូនក្រុមសង្រ្គោះ មកកាន់តៃវ៉ាន់ បន្ទាប់ពីដែនកោះនេះបានជួបគ្រោះរញ្ជួយដីធំមួយ ដែលសម្លាប់មនុស្សជាង២,០០០នាក់។

គួរបញ្ជាក់ថា ដូចប្រទេសភាគច្រើនទៀតដែរ តួកគីមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ឡើយ ប៉ុន្តែភាគីទាំងពីរបានរក្សានូវស្ថានទូតមិនផ្លូវការ ដែលធ្វើប្រតិបត្តិការនៅរដ្ឋធានីរបស់ភាគីម្ខាងៗ ហើយក៏មានជើងហោះហើរត្រង់ដំណើរការ រវាងទីក្រុងអ៉ីស្តង់ប៊ុល និងទីក្រុងតៃប៉ិផងដែរ៕