(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី នឹងលុបចោលវិធានការព្រំដែនដើម្បីទប់ស្កាត់កូវីដ១៩ ទាំងអស់ ចាប់ពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ សប្តាហ៍ក្រោយនេះតទៅ ស្របពេលដែលករណីឆ្លងធ្លាក់ចុះដល់កម្រិតទាបបំផុត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងសុខាភិបាលសិង្ហបុរី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការសម្រេចនេះគឺដោយសារតែភាពប្រសើរឡើងនៃស្ថានភាពជំងឺកូវីដ១៩ និងផលប៉ះពាល់ទាបពីករណីនាំចូល មកលើសមត្ថភាពថែទាំសុខភាពរបស់ប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ សិង្ហបុរីក៏គ្រោងលុបចោល ការរឹតត្បិតក្នុងស្រុកនានាស្ទើរតែទាំងអស់ ដូចជាតម្រូវការពាក់ម៉ាស់តាមមធ្យោបាយសាធារណៈ ជាដើម។

នៅពេលដែលវិធានការព្រំដែនត្រូវបានលុបចោល អ្នកធ្វើដំណើរទាំងអស់ រួមទាំងអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង មិនចាំបាច់ត្រូវបង្ហាញលិខិតធ្វើតេស្តអវិជ្ជមានមុនពេលចេញដំណើរ មុនពេលចូលក្នុងប្រទេសសិង្ហបុរីទៀតនោះទេ។ សម្រាប់ភ្ញៀវទេសចរណ៍ដែលមិនបានវ៉ាក់សាំង ក៏នឹងមិនចាំបាច់ទិញធានារ៉ាប់រងកូវីដ១៩ លើការធ្វើដំណើរដែរ។

គួរបញ្ជាក់ថា អ្នកធ្វើដំណើរចូលក្នុងប្រទេសសិង្ហបុរី នៅតែត្រូវបន្តទៅពិនិត្យរកជំងឺឆ្លងផ្សេងៗដដែល។ អ្នកធ្វើដំណើរទាំងអស់ រួមទាំងអ្នករស់នៅក្នុងប្រទេសសិង្ហបុរីផងដែរ នឹងនៅតែត្រូវដាក់លិខិតប្រកាសសុខភាព តាមរយៈសេវាអេឡិចត្រូនិក SG Arrival Card៕