(តៃប៉ិ)៖ ក្រសួងការបរទេសតៃវ៉ាន់ នៅថ្ងៃពុធនេះបានស្នើឱ្យប្រទេសហុងឌូរ៉ាស កុំធ្វើការសម្រេចចិត្តខុស ដោយទៅបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយចិន បន្ទាប់ពីប្រធានាធិបតីនៃប្រទេសអាមេរិកកណ្ដាល មួយនេះបានណែនាំឱ្យរដ្ឋមន្ត្រីការបរទេសរបស់លោកស្រីធ្វើដូច្នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី ហ្ស៉ីយ៉ូម៉ារ៉ា កាស្ត្រូ (Xiomara Castro) នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) បាននិយាយថាលោកស្រីបានណែនាំទៅកាន់រដ្ឋមន្ត្រីការបរទេសរបស់លោកស្រី ឱ្យបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសចិន ហើយទោះមិនបានបញ្ជាក់លម្អិត តែគេយល់បានថានេះមានន័យថាហុងឌូរ៉ាសអាចនឹងផ្ដាច់ទំនាក់ទំនងផ្លូវការរបស់ខ្លួនជាមួយតៃវ៉ាន់។

លោកស្រី កាស្ត្រូ ធ្វើការប្រកាសខាងលើនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter។ នៅក្នុងសារខាងលើដដែល លោកស្រី កាស្ត្រូ បានបញ្ជាក់ថា ការសម្រេចចិត្តនេះគឺជាសញ្ញាមួយនៃ ការប្ដេជ្ញាចិត្តរបស់លោកស្រី ដើម្បីបំពេញតាមផែនការរបស់រដ្ឋាភិបាល និងការពង្រីកព្រំដែន។ យ៉ាងណាក៏ដោយ ខាងក្រសួងការបរទេសហុងឌូរ៉ាស មិនទាន់បានធ្វើអត្ថាធិប្បាយអ្វី ជុំវិញសេចក្ដីប្រកាស ខាងលើនោះទេ។

ឆ្លើយទៅនឹងប្រកាសរបស់លោកស្រី កាស្ត្រូនេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសតៃវ៉ាន់បានគូសបញ្ជាក់ដូច្នេះថា «យើងស្នើឱ្យហុងដូរ៉ាសពិចារណាដោយហ្មត់ចត់ និងប្រយ័ត្នកុំឱ្យធ្លាក់ ចូលក្នុងអន្ទាក់របស់ចិន ហើយកុំសម្រេចចិត្តខុសដោយសុខចិត្តបំផ្លាញទំនាក់ទំនងមិត្តភាពយូរអង្វែងមកនេះរវាងតៃវ៉ាន់ និងហុងឌូរ៉ាស់»

គួរបញ្ជាក់ថា លោកស្រី កាស្ត្រូ បានលើកឡើងពីគំនិតចង់ផ្ដាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ដើម្បីស្រវាឱបចិន និងចាប់ផ្ដើមមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំង តាំងតែពីកំឡុងយុទ្ធនាការឃោសនា បោះឆ្នោតរបស់លោកស្រី។ ប៉ុន្តែ កាលពីខែមករា ឆ្នាំ២០២២ លោកស្រីផ្ទាល់ក៏ធ្លាប់បានលើកឡើងដែរថា នៅតែចង់រក្សាទំនាក់ទំនងជាមួយតៃវ៉ាន់។ ប្រសិនបើហុងឌូរ៉ាស ពិតជាផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ ពិតមែន នោះវានឹងធ្វើឱ្យប្រទេស និងដែនដីដែលមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ នៅសល់តែចំនួន ១៣ប៉ុណ្ណោះ៕