(អ៉ីស្លាម៉ាបាដ)៖ មនុស្សចំនួន ២នាក់បានស្លាប់ និង ៨នាក់ទៀតរងរបួស ក្នុងករណីផ្ទុះគ្រាប់បែក នៅស្រុកឃឺសដារ (Khuzdar) ខេត្តបាឡូឈីតាន់ (Balochistan) ដែលស្ថិតនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣។

មេប៉ូលិសស្រុក Khuzdar លោក ហ្វាហាដ ខូសា (Fahad Khosa) បានប្រាប់ប្រព្ធន័ផ្សព្វផ្សាយឲ្យដឹងថា រថយន្តដឹកអាជីវករម្នាក់ត្រូវបានគេកំណត់គោលដៅបំផ្ទុះ នៅតំបន់ផ្សារមួយកន្លែងនៃស្រុក Khuzdar កាលពីថ្ងៃអង្គារសប្តាហ៍នេះ បណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់។ ដោយឡែក អ្នកត្រូវរងរបួសចំនួន ៨នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលស្ថិតនៅក្បែរនោះ។

គួរបញ្ជាក់ថា ប៉ូលិសកំពុងបើកការស៊ើបអង្កេតចំពោះហេតុការណ៍នេះ។ រហូតមកដល់ពេលនេះ នៅមិនទាន់មានក្រុមណាមួយចេញមុខអះអាងពីការវាយប្រហារនេះនៅឡើយទេ៕