(វ៉ាស៉ីនតោន)៖ ឧត្តមសេនីយកំពូលរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា យន្តហោះដ្រូនឈ្លបយកការណ៍របស់សហរដ្ឋអាមេរិកមួយគ្រឿង ដែលត្រូវបាញ់ទម្លាក់ពីលើសមុទ្រខ្មៅដោយយោធារុស្ស៊ី ប្រហែលជាបែកខ្ញែកហើយពិបាកក្នុងការស្រង់យកមកវិញ ដោយសារតែជម្រៅទឹកនៅក្នុងតំបន់នោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោក ម៉ាក មីលលី (Mark Milley) បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ដ្រូននោះប្រហែលជាធ្លាក់ចូលទៅក្នុងទឹកជ្រៅ ដូច្នេះតាមទស្សនបច្ចេកទេស ប្រតិបត្តិការស្រង់ឡើងមកវិញនឹងមានការលំបាកខ្លាំងណាស់។ វានឹងចំណាយពេលច្រើនថ្ងៃ មុនពេលដែលសហរដ្ឋអាមេរិកអាចដឹងពីទំហំជាក់លាក់នៃកម្ទេចកំទី នៅក្នុងទឹកជម្រៅជាង ១,០០០ម៉ែត្រ»។ លោក មីលលី បានបន្ថែមថា «សហរដ្ឋអាមេរិក បានចាត់វិធានការរួចហើយដើម្បីការពារទិន្នន័យពីការបាត់បង់ ក្នុងការស៊ើបអង្កេតដ៏រសើបមួយនេះ ប្រសិនបើដ្រូនត្រូវរុស្សីស្រង់យកមកវិញបាន»

គួរបញ្ជាក់ថា ឧប្បត្តិហេតុលើកដំបូងរវាងសហរដ្ឋអាមេរិក និងរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង ដោយយន្តហោះចម្បាំងរុស្ស៊ី Su-27 វាយប្រហារលើស្លាបចាក់នៃយន្តហោះដ្រូន MQ-9 ធ្វើឲ្យវាមិនអាចដំណើរការបាន នាំឲ្យទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្កូ កាន់តែមានភាពតានតឹង៕