(ញូដេលី)៖ ក្រុមហ៊ុនអាវុធ ប្រាម៉ូស អ៊ែរ៉ូស្ពេស (BrahMos Aerospace) ដែលវិនិយោគរួមគ្នាដោយឥណ្ឌា និងរុស្ស៉ី មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា រំពឹងថានឹងបញ្ចប់កិច្ចព្រមព្រៀងដើម្បីលក់មីស៉ីលល្បឿនលឿនជាងសំឡេង ឲ្យទៅប្រទេសឥណ្ឌូណេស៊ី តម្លៃយ៉ាងហោចណាស់ ២០០លានដុល្លារនៅឆ្នាំ២០២៣នេះ ខណៈទីក្រុងញូដេលីចង់ពង្រីកវត្តមានរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

នាយកប្រតិបត្តិរបស់ BrahMos Aerospace លោក អាទូល ឌី រ៉ាណេ (Atul D. Rane) បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយទីក្រុងហ្សាការតា លើកិច្ចព្រមព្រៀងដែលមានតម្លៃចាប់ពី ២០០លានដុល្លារ ទៅ ៣៥០លានដុល្លារ ដោយផ្តល់នូវការផ្គត់ផ្គង់មីស៉ីលប្រឆាំងនាវា និងអាចកែបំពាក់លើនាវាចម្បាំងបាន។ ដោយឡែក លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ដែលជាអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលម្អិតភ្លាមៗទេ ដោយនិយាយថារងចាំពិនិត្យព័ត៌មាននេះជាមុនសិន។

គួរបញ្ជាក់ថា ក្រុមហ៊ុន BrahMos បានសម្រេចកិច្ចព្រមព្រៀងបរទេសជាលើកដំបូងរបស់ខ្លួន កាលពីឆ្នាំ២០២២ ដោយការលក់មីស៉ីលប្រឆាំងនាវាសម្រាប់បំពាក់នៅលើឆ្នេរ ក្នុងតម្លៃចំនួន ៣៧៥លានដុល្លារទៅឲ្យហ្វីលីពីន ដែលជាផ្នែកមួយនៃបំណងបង្កើនការនាំចេញអាវុធ៣ដង របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី (Narendra Modi)។

បច្ចុប្បន្ន ក្រុមហ៊ុនបានកំពុងធ្វើការចរចារជាមួយឥណ្ឌូណេស៊ី ហើយព័ត៌មានលម្អិតអំពីទំហំ ឬពេលវេលានៃការសម្រេចកិច្ចព្រមព្រៀងដ៏មានសក្តានុពលមួយនេះ មិនត្រូវបានទម្លាយឲ្យដឹងជាមុនឡើយ៕