(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនអវកាសឯកជន Blue Origin របស់កំពូលមហាសេដ្ឋីអាមេរិក Jeff Bezos កាលពីថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញក្តីរំពឹងថា នឹងអាចចាប់ផ្តើមធ្វើការហោះហើររ៉ុក្កែតអវកាស New Shepard របស់ខ្លួនឡើងវិញ នៅត្រឹមចុងឆ្នាំ២០២៣ បន្ទាប់ពីវាបានទទួលរងភាពបរាជ័យ កំលុងពេលហោះហើរពាក់កណ្តាលទី កាលពីខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

លោកស្រី អារៀអាន ខូណេល (Ariane Cornell) នាយិការរងផ្នែកពាណិជ្ជកម្មនិងការលក់អន្តរជាតិ បាននិយាយក្នុងសន្និសីទមួយនៅទីក្រុងវ៉ាស៉ីនតោនយ៉ាងដូច្នេះថា «ពួកយើងកំពុងព្យាយាមវិលត្រឡប់ទៅរកការហោះហើរឡើងវិញ ជាមួយរ៉ុក្កែតអវកាស New Shepard នៅកំលុងចុងឆ្នាំ២០២៣នេះ»។ មកទល់ពេលឥឡូវ ក្រុមហ៊ុន Blue Origin បានផ្តល់ព័ត៌មានលម្អិតតិចតួចប៉ុណ្ណោះ អំពីដំណើការស៉ើបអង្កេតរកមូលហេតុ ថាហេតុអ្វីនជារ៉ុក្កែត New Shepard របស់ខ្លួន ត្រូវបានបង្ខំឱ្យបោះបង់ចោល ខាប់ស៊ុលផ្ទុកឧបករណ៍ស្រាវជ្រាវ រួចធ្លាក់ទៅលើតំបន់វាលខ្សាច់រដ្ឋតិចសាស់ ក្នុងពេលត្រឹម១នាទី ក្រោយការបាញ់បង្ហោះ កាលពីខែកញ្ញា ឆ្នាំមុន។ ក្នុងបេសកកម្មនាពេលនោះ គឺពុំមានមនុស្សជិះនៅលើរ៉ុក្កែត New Shepard ឡើយ។

គួរបញ្ជាក់ថា ឧប្បត្តិហេតុខាងលើបានផ្អាកជាបណ្តោះអាសន្ន នូវប្រតិបត្តិការរ៉ុក្កែតអវកាសតែមួយគត់របស់ Blue Origin ដែលជាវត្ថុស្នូលនៅក្នុងមុខជំនួញ​ទេសចរណ៍ទីអវកាស ហើយនិងការសិក្សាស្រាវជ្រាវអំពីភាពពុំមានកម្លាំងទំនាញរបស់ក្រុមហ៊ុននេះ។ កន្លងមក រ៉ុក្កែត New Shepard ធ្លាប់បាន​ចេញបេសកកម្មដឹកមនុស្សបានប៉ុន្មានជើង ឡើងទៅដល់ព្រំប្រទល់រវាងលំហអវកាសនិងស្រទាប់បរិយាកាសរបស់ផែនដី គិតចាប់តាំងពីការហោះហើរដំបូងរបស់វា កាលពីឆ្នាំ២០២១។ បុគ្គលទាំងនោះ រួមមានអ្នកទេសចរណ៍ដែលបានទិញសំបុត្រសម្រាប់ធ្វើដំណើរ និងភ្ញៀវពិសេសដែលឧបត្ថម្ភដោយក្រុមហ៊ុន ព្រមទាំង​ លោក Jeff Bezos ផ្ទាល់៕