(វ៉ាស៉ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រសិតជាន់ខ្ពស់ម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសប៉ាណាម៉ានិងហុងឌូរ៉ាស ក្នុងខែមីនានេះ បន្ទាប់ពីហុងឌូរ៉ាស ដែលជាសម្ព័ន្ធមិត្តតៃវ៉ាន់ បាននិយាយថា ខ្លួននឹងងាក​ទៅបង្កើត ចំណងការទូតផ្លូវការជាមួយចិនវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣។

លោក គ្រីស ដត (Chris Dodd) ដែលជាទីប្រឹក្សាពិសេសរបស់លោក បៃដិន ទទួលបន្ទុកកិច្ចការទ្វីបអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេស​អាមេរិកកណ្តាលទាំងពីរ ចាប់ពីថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី២១ ខែមីនា។ លោក ដត ដែលជាអតីតសមាជិកសភាអាមេរិកម្នាក់ផងដែរ នឹងត្រូវជួបជាមួយ​ក្រុមមន្រ្តីរដ្ឋាភិបាល និងក្រុមអ្នកតំណាងវិស័យឯកជនរបស់ហុងឌូរ៉ាស ក៏ដូចជាក្រុមមន្រ្តីរដ្ឋាភិបាល និងក្រុមថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុរបស់ប៉ាណាម៉ា។ ក្រសួងការបរទេសអាមេរិក បាននិយាយដូច្នេះថា «ការបំពេញទស្សនកិច្ចនេះ នឹងជួយជំរុញការប្តេជ្ញារបស់សហរដ្ឋអាមេរិក ដើម្បីកសាងកំណើនសេដ្ឋកិច្ច ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋប្រកបដោយបរិយាបន្ន នៅទូទាំងទ្វីបអាមេរិក។

គួរបញ្ជាក់ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានផ្តោតសំខាន់ទៅលើ បញ្ហាប្រឈមផ្នែកអន្តោប្រវេសន៍និងសន្តិសុខ ដែលរាលដាលចេញមកពី​តំបន់អាមេរិកកណ្តាល បូករួមទាំងអាទិភាពផ្នែកសេដ្ឋកិច្ចនិងការអភិវឌ្ឍនៅទីនោះ។ ប៉ុន្តែក្នុងពេលទន្ទឹមគ្នា ទីក្រុងវ៉ាស៉ីនតោនក៏មានក្តីបារម្ភផងដែរ ជុំវិញ​កិច្ចប្រឹងប្រែងរបស់ចិនក្នុងការពង្រីកឥទ្ធិពលខ្លួន នៅក្នុងតំបន់។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី ស៉ីអូម៉ារ៉ា កាស្រ្តូ (Xiomara Castro) បានប្រកាសថា ប្រទេសរបស់លោកស្រីនឹងស្វែងរក​ការផ្សារភ្ជាប់ទំនាក់ទំនងការទូតផ្លូវការជាមួយទីក្រុងប៉េកាំង ដែលវាស្មើនឹងមានន័យថា ត្រូវកាត់ផ្តាច់ចោលចំណងការទូតផ្លូវការបច្ចុប្បន្នជាមួយកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាផ្នែកមួយនៃដែនដីរបស់ខ្លួន។ កាលពីថ្ងៃពុធ ហុងឌូរ៉ាសបានអះអាងថា បញ្ហាសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាកត្តាដែលជំរុញឱ្យខ្លួនត្រូវដោះ​ដៃចោលតៃវ៉ាន់ ហើយប្តូរយកចិនវិញ៕